មន្ត្រី​យោធា​កាយ​ដីភ្នំ​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បុគ្គល​ម្នាក់​ដែលជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​បាន​នាំយក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដីភ្នំ​មួយកន្លែង​ក្បែរ​បន្ទាយ​យោធា​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​យោធា​ម្នាក់​នោះបាន​អះអាងថា ខ្លួន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កាយ​ដីភ្នំ​យក​ធ្វើជា​កម្មសិទ្ធិ គឺមាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​តែម្តង​។ ប៉ុន្តែ​អភិបាលស្រុក​សាលា​ក្រៅ ក៏ដូចជា​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​អះអាងថា ពួកគេ​ពុំបាន​ដឹង​រឿង​មន្ត្រី​យោធា​យក​គ្រឿងចក្រ​ជីក​កកាយ​ភ្នំ​ទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិ​នោះទេ​។ ដូច្នេះ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​មន្ត្រី​យោធា​រូបនោះ កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា ទីតាំង​ភ្នំ​ដែល​មន្ត្រី​យោធា​ម្នាក់​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ប៉ុន្មាន​កន្លងទៅនេះ គឺ​ស្ថិតនៅ​ខាងក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ក្បែរ​បន្ទាយ​យោធា​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់ស្រុក ឬ​មន្ត្រី​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ដែល​នាំ​ឲ្យ​មានការ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​បរិស្ថាន ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​រូបនោះ ទើប​គេ​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កកាយ​ដីភ្នំ​យក​ធ្វើជា​កម្មសិទ្ធិ​ស្រេច​តែ​អំពើ​ចិត្ត និង​អះអាងថា​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​អស់​ទៅហើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ បាន​លើកឡើងថា ប្រសិនបើ​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ មិន​បានចេញ​លិខិតអនុញ្ញាត​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​រំលាយ​ភ្នំ​យក​ធ្វើជា​កម្មសិទ្ធិ​តទៅទៀត​។ ជាពិសេស​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ប្រសិនបើ​មិនបាន​ចេញ​លិខិតអនុញ្ញាត​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ភ្លាមៗ​កុំ​ឲ្យ​មន្ត្រី​យោធា​ឈូស​កកាយ​ដីភ្នំ​យក​ធ្វើជា​កម្មសិទ្ធិ ព្រោះ​បច្ចុប្បន្ន​ភ្នំ​នោះ​កំពុង​ជិត​រលាយបាត់​រូបរាង​ទៅហើយ​។ លើស​នេះ​ទៅទៀត​លោក កើត សុធា ក៏ដូចជា​មេបញ្ជាការ​យោធា​ខេត្ត​ប៉ៃលិន គួរ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា កុំ​ឲ្យ​មន្ត្រី​យោធា​ការពារ​ព្រំដែន​ឈូស​កកាយ​ដីភ្នំ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ព្រោះ​សកម្មភាព​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៕

Pic203 Pic202