លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​លោក សុខ សុផល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​

មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និ​ហិរញ្ញវត្ថុ ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា តាំងពី​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ អំឡុង​ឆ្នាំ​២០០៩​រហូតដល់​បច្ចុប្បន្ន គឺ​លោក សុខ សុផល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព​ដោយ​គ្មាន​ញ​ញើ​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​គឺ​រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល ក៏ត្រូវ​បាន​ដឹងឮ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ផងដែរ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុផល រហូតដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​ទៅ​សាកសួរ​១០​ចំណុច​នោះ គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​មើលរំលង​នោះទេ ព្រោះ​វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​។ ករណី​លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុករលួយ​កាត់​ភាគរយ​ពី​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា​ពី​២​ទៅ​១០​ភាគរយ គឺជា​រឿង​ដែល​មិនអាច​អត់ឱន​បានឡើយ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​ថែមទៀត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក សុខ សុផល និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល ហើយ​ថែមទាំង​ប្រើ​អំណាច​គំរាមកំហែង​លើ​មន្ត្រី​ក្នុង​មន្ទីរ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បញ្ជីចំណូល​ចំណាយ​សម្រាប់​មន្ទីរ​អាច​មាន​ភាពមិនប្រក្រតី​ច្រើន​ឆ្នាំ​កន្លងមកហើយ ព្រោះ​លោក សុខ សុផល និង​បក្ខពួក​មួយចំនួន​រៀបចំ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សុខ សុផល អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាពិសេស​ការ​កាត់​ភាគរយ​ថវិកា​លទ្ធកម្ម​សម្រាប់​ម​ន្ទីរ​នានា ក៏ដូចជា​កេងប្រវ័ញ្ច​ទៅលើ​ក្រុមហ៊ុន​ដេញថ្លៃ​គម្រោង​លទ្ធកម្ម​តាម​ល្បិចកល់​របស់ខ្លួន​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​លើ​លោក សុខ សុផល ឲ្យ​បាន​ឆាប់​ដើម្បី​ជាការ​ព្រមាន​ដល់​មន្ត្រី​ពុករលួយ​ដទៃទៀត​ផងដែរ​៕

100074លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Cam61លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ