ពាក្យ​១០ឃ្លា មនុស្ស​ឆ្លាត តែង​និយាយ​ប្រាប់​ខ្លួនឯង​រាល់​ថ្ងៃ

មនុស្ស​ឆ្លាត តែងតែ​សកម្ម និង​ស្រេកឃ្លាន​ចំណេះដឹង។ ពួកគេ​គោរព​ខ្លួនឯង និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ណាស់។ ពួកគេ​ដឹង​ថា រាល់​ភាពជោគជ័យ គឺ​ត្រូវ​ពឹងផ្អែក​លើ​សកម្មភាព និង​គំនិត ដូច្នេះ​ហើយ​ទើប​ពាក្យ​ដែល​យើង​និយាយ​ទៅកាន់​ខ្លួនឯង គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

 

ខាងក្រោម​នេះ គឺជា​ពាក្យ​១០ឃ្លា ដែល​មនុស្ស​ឆ្លាត តែង​និយាយ​ប្រាប់​ខ្លួនឯង​រាល់ថ្ងៃ៖

 

ពាក្យ​១០ឃ្លា មនុស្ស​ឆ្លាត តែង​និយាយ​ប្រាប់​ខ្លួនឯង​រាល់​ថ្ងៃ

 

១. ប្រសិនបើ​គ្មាន​នរណា​ធ្វើ​វា​ទេ ខ្ញុំ​នឹង​ធ្វើ 

វិធីសាស្រ្ត​ងាយ​បំផុត​ដើម្បី​ស្គាល់​ខ្លួនឯង​ច្បាស់ គឺ​ធ្វើ​អ្វី​មួយ​ដែល​អ្នកដទៃ​មិន​ធ្វើ ព្រោះ​វា​ពិបាក ដូច្នេះ​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​ដ៏​មាន​តម្លៃ។

 

២. វា​មិន​អាក្រក់​ពេក​ទេ

រាល់​ពេល​ចាញ់ ឬ​បរាជ័យ គឺជា​ឱកាស​ដើម្បី​រៀន​អ្វី​ដែល​ថ្មី និង​ពុះពារ​រាល់​ការលំបាក។ បញ្ហា គឺ​មិន​អាច​ជៀស​រួច​ឡើយ ដូច្នេះ​ត្រូវ​ប្រឈមមុខ និង​ដោះស្រាយ​វា​តាម​សម្រួល។

 

៣ ខ្ញុំ​មិន​អាច​ធ្វើ​វា​ទាំងអស់​ក្នុង​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​យ៉ាងហោច​ណាស់​ខ្ញុំ​នឹង​ចាប់ផ្តើម

ផែនការ​របស់​យើង​នឹង​គ្មាន​តម្លៃ បើ​យើង​រក្សា​វា​ទុក​ដោយ​មិន​ធ្វើ។ ប៉ុន្តែ​បើ​ទោះ​ជា​យើង​បោះ​ជំហាន​ខ្លី​មួយ​នៅ​ថ្ងៃ​នេះ វា​នឹង​មាន​ភាពងាយស្រួល​ក្នុង​ការ​បន្ត​នៅ​ថ្ងៃ​ស្អែក។

 

៤. និយាយ​តិច ធ្វើ​ច្រើន

មនុស្ស​ដែល​និយាយ​ច្រើន​អំពី​សមិទ្ធផល​របស់​ពួកគេ គឺ​កុហក​ខ្លួនឯង ប្រសិន​បើ​ពួកគេ​គិត​ថា​វា​ធ្វើ​ឲ្យ​ពួកគេ​អស្ចារ្យ។ ធ្វើអ្វី​គ្រប់យ៉ាង​ដោយ​គ្មាន​ការរអ៊ូរទាំ ឬ​អួតអាង គឺ​ល្អ​បំផុត។

 

៥. មតិយោបល់​របស់​អ្នកដទៃ មិន​អាច​ជា​បញ្ហា​ដល់​ខ្ញុំ​ឡើយ

វា​គឺជា​ជីវិត​របស់​អ្នក ដូច្នេះ​អ្នក​អាច​សម្រេច​ចិត្ត​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង។ អ្នក​អាច​ស្តាប់​អ្នក​ជិតស្និទ្ធ ដូចជា​ក្រុមគ្រួសារ ឬ​មិត្តភក្តិ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​អ្នក​គួរ​ផ្តោត​ខ្លាំង​នោះ​ទេ។

 

៦. ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំងអស់​គ្នា

ពេល​ខ្លះ​វា​ត្រូវ​ផ្ទុក​កំហឹង​ខ្លាំង ដើម្បី​ឲ្យ​ខ្លួន​អ្នក​អាច​ធ្វើ​អ្វី​មួយ។ អ្នក​អាច​ហៅ​វា​ថា «ដូចកូនក្មេង» ប៉ុន្តែ​ការពិត វា​មាន​ប្រសិទ្ធភាព។

 

៧. ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​ប្រហែល​ជា​មិន​ល្អ​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​វា​ណាស់

ភាពល្អ​ឥតខ្ចោះ​របស់​យើង អាច​រារាំង​យើង​ពី​ការ​ធ្វើ និង​បង្កើត​អ្វី​ដែល​ថ្មី។ ធ្វើអ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​ល្អ​បំផុត។

 

៨. ខ្ញុំ​នឹង​ធ្វើវា​បាន​ល្អ​នៅ​ពេលក្រោយ

ប្រសិន​បើ​អ្នក​ធ្វើអ្វី​មួយ​បាន​ល្អ សូម​កុំ​ឈប់​ឲ្យ​សោះ និង​ត្រូវ​ស្វែងរក​អ្វី​ដើម្បី​ធ្វើ​វា​ឲ្យ​កាន់តែ​ប្រសើរ។

 

៩. ខ្ញុំ​មិន​ខ្លាច​អរគុណ​នរណា​ម្នាក់​ដោយ​ស្មោះត្រង់​ឡើយ

មនុស្ស​ដែល​អាច​និយាយ​ពាក្យ «អរគុណ» ទៅ​អ្នកដទៃ មាន​ជីវិត​សប្បាយ​រីករាយ​ជាង​មនុស្ស​ដែល​មិនអាច។ សូម​កុំ​និយាយ​ពាក្យ «អរគុណ» ធម្មតា តែ​ត្រូវ​និយាយ​ដោយ​ស្មោះត្រង់ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ។

 

១០. ខ្ញុំ​ព្យាយាម​កាន់​តែ​ច្រើន ខ្ញុំ​កាន់​តែ​ខ្លាំង

យើង​ដឹង​ថា​ខ្លួនឯង​មិនមាន​ទេពកោសល្យ​ពិសេស នៅក្នុង​វិស័យ​មួយ​ចំនួន ឬ​ដទៃ ក្រៅពី​ជំនាញ​របស់​យើង​ឡើយ ប៉ុន្តែ​វា​មិនមែន​ពឹង​ផ្អែក​លើ​ទេពកោសល្យ​ទាំងអស់​នោះ​ទេ។ ជោគជ័យ តែង​ស្វែងរក​មនុស្ស​ណា ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង៕

 

ចុចអាន៖ទម្លាប់​​​​​១០​យ៉ាង​ បុគ្គល​ជោគជ័យ​​​​​​បោះ​បង់​ចោល​​​​​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ brightside