ឥណ្ឌូ​ណេ​ស៊ី​ចង់​បង្កើន​ការ​វិនិយោគ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឱ្យ​មាន​កំណើន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​យូរលង់​មក​ហើយ ប៉ុន្តែ​ការ​បណ្តាក់ទុន​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ ហាក់​ស្ថិត​ក្នុង​កម្រិត​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​កម្ពុជា ។ ផ្អែក​លើ​ហេតុផល​នេះ មន្ត្រីជាន់ខ្ពស់​ប្រចាំ​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី ចង់ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត ដើម្បី​ឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កើនឡើង ។ 

លោក Pitono Purnomo ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ឥណ្ឌូ​ណេ​ស៊ី​មើលឃើញ​ថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ហើយ គួរតែ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​បន្ថែម​ទៀត​។ ទំហំ​ពា​ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង​ពីរ​កាល​ឆ្នាំ​២០១៥​កន្លង​ទៅមាន​តែ​ចំនួន​៤៥០​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ស្ថិត​ក្នុង​កម្រិត​តិចតួច​នៅឡើយ ។

លោក​បន្ត​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​ប្រជាពលរដ្ឋ​ចំនួន​២៥០​លាន​នាក់ គឺ​មាន​តម្រូវការ​ច្រើន​លើ​ការ​ប្រើប្រាស់​ផលិតផល​ដែល​នាំ​ចូល​ទៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ក្នុង​នោះ កម្ពុជា​គួរតែ​បង្កើន​ពាណិជ្ជកម្ម ក៏​ដូច​ជា​អ្នកជំនួញ​អាច​បណ្តាក់ទុន​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាន គឺជា​រឿង​ល្អ ព្រោះ​តម្រូវការ​នៅ​ប្រទេស​នេះ​មាន​ចំនួន​ធំ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​កម្ពុជា ។

លោក​លើក​ឡើង​ថា ៖ « ឥណ្ឌូ​ណេ​ស៊ី និង​កម្ពុជា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ គឺ​ផ្តល់​ភាព​ងាយស្រួល ប្រសិនបើ​យើង​ចេះ​បង្កើន​កម្រិត​ពាណិជ្ជកម្ម ក៏​ដូច​ជា​វិនិយោគិន​ច្រើន​ពី​កម្ពុជា​ទៅ​បណ្តាក់ទុន​នៅ​ឥណ្ឌូ​ណេ​ស៊ី ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ឥណ្ឌូ​ណេ​ស៊ី​ខ្លួនឯង​ផ្ទាល់​តែងតែ​ជំរុញ​ឱ្យ​អ្នកជំនួញ​ឥណ្ឌូ​ណេ​ស៊ី​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​បំពេញតម្រូវការ និង​ជំរុញ​ឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កើន​ឡើងជា​លំដាប់ » ។

តាម​ឯកអគ្គរ​រដ្ឋ​ទូត​ឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​មាន​អ្នកជំនួញ​ពី​ខាង​ឥណ្ឌូ​ណេ​ស៊ី​ចង់​ទាក់ទង​មក​បណ្តាក់ទុន​នៅ​ស្រុក​ខ្មែរ ហើយ​កន្លង​មក លោក​ក៏​បាន​បង្ហាញ​ពី​ចំណុច​សក្តានុពល​របស់​ឥណ្ឌូ​ណេ​ស៊ី ទៅ​ដល់​អ្នកជំនួញ​ធំ​របស់​កម្ពុជា​ផង​ដែរ​លើ​តម្រូវការ​ផលិតផល​នា​ពេល​កន្លង​មក បើសិនជា​កម្ពុជា​អាច​ធ្វើ​បាន វា​ជា​ឱកាស​មួយ​ក្នុង​ការ​បណ្តាក់ទុន​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

កន្លង​មក ឥណ្ឌូ​ណេ​ស៊ី​បាន​នាំ​ចូល​មក​កម្ពុជា ដូច​ជា ឱសថ ថ្នាំជក់ និង​ផលិតផល​ជា​ច្រើន​ទៀត គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ ។ រីឯ​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​មាន​ដូច​ជា ផលិតផល​ក្នុង​វិស័យ​កាត់ដេរ គិត​ជា​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ ៕