7​ខែ​ដើមឆ្នាំ ការ​នាំ​ចេញ​ស្រូវ​អង្ករ​របស់​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ

រាជធានី​ភ្នំពេញ ៖ សន្ទុះ​នៃ​កំណើន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដោយឡែក ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​ធា្ល​ក់​ចុះ​ប្រមាណ​ជាង​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។

តាម​អ្នកជំនាញ និង​ជានា​យក​ក្រុមហ៊ុន វង្ស​ប៊ុ​ន​ហេង រ៉ា​យស៍ លោក​ឧកញ៉ា វង្ស ប៊ុ​ន ហេង មាន​ប្រសាសន៍​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​យើង​ថយ​ចុះ ។ លោក​ថា​៖ « ដោយសារ​ពាណិជ្ជកម្ម​អង្ករ​នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ ទើប​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​យើង​ថយ​ចុះ ។ ម្យ៉ាងវិញទៀត ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​១០​ម៉ឺន​តោន​តាម​កូតា តែ​នៅ​ឆ្នាំ​នេះ ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ទើបបាន​តិចតួច ធ្វើ​ឱ្យ​បរិមាណ​នាំ​ចេញ​ថយ​ចុះ ។ ចំណែក​ថ្លៃ​ដឹក​ជញ្ជូន​លើកដាក់​តាម​កប៉ាល់ និង​ការ​ផលិត​អង្ករ​របស់​យើង​មាន​តម្លៃ​ខ្ពស់ មិន​អាច​ឱ្យ​កម្ពុជា​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន ។ រីឯ​អគ្គិសនី​នៅ​កម្ពុជា​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ » ។

លោក​ឧកញ៉ា​បន្ថែម​ថា តាម​ការ​មើលឃើញ​កន្លង​មក ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ជា​រួម​នៅ​ខែ​បន្ទាប់​នឹង​ធ្លាក់​ចុះ​ទៀត ឬ​អាច​ធ្លាក់​ចុះ​រហូត​ដល់​ខែវិច្ឆិកា ។ នៅ​ឆ្នាំ​២០១៦​នេះ សម្រាប់​អ្នក​រកស៊ី​ទទួលទាន​ក្នុង​វិស័យ​ស្រូវ​អង្ករ គឺ​ទទួល​បាន​ប្រាក់​ចំណេញ​តិចតួច​ណាស់ ហើយ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក្ស័យធន​ផង​ដែរ ។

ការ​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន​បៃតង​(​កម្ពុជា​) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ថយ​ចុះ វា​មាន​កត្តា​ធំ​ៗ២​គឺ កត្តា​ក្នុងស្រុក និង​កត្ដា​ខាងក្រៅ ។

កត្តា​ខាងក្នុង លោក​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិញ​ស្រូវ​មានគុណ​ភាព​ស្រាប់​ស្តុក​ទុក​ធ្វើការ​នាំ​ចេញ វា​មាន​កំណត់ ។ ក្នុង​ការ​ដាំ​ដុះ​ស្រូវ​កន្លង​មកនេះ មានកូន​រដូវប្រាំង​មួយ​បាន​ពន្យារពេល​រហូត​ដល់​ខែកក្កដា និង​សីហា ទើប​មាន​ភ្លៀង​នៅ​តំបន់​ខ្លះ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ដាំ​ដុះ​។ ចំណែក​កត្តា​ក្រៅ គឺ​ការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ​ពិភពលោក និង​ទីផ្សារ​ប្រកួតប្រជែង ។

យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៦​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន​២៩២.២៧៧​តោន ថយ​ចុះ​២០.០៤០​តោន ស្មើនឹង​៦,៩% តិច​ជាង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ៕