ខណៈនេះ ​សមត្ថកិច្ចកំពុងឡោមព័ទ្ឋ​ចាប់ក្រុមចោរប្លន់នៅបូរីសន្តិភាព២

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​នៅវេលាម៉ោង១១និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី១៨ សីហានេះ ​សមត្ថកិច្ចចម្រុះកំពុងឡោមព័ទ្ឋ​ចាប់បក្សពួកក្រុមចោរប្លន់​នៅក្នុងបូរីសន្តិភាព២​ ស្ថិតក្នុងភូមិ​ដំណាក់ត្រយឹង សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ។

សេចក្តីរាយការណ៍បានបន្តថា​ ការឡោមព័ទ្ឋចាប់ក្រុមចោរប្លន់​នៅទីតំាងខាងលើនេះ​ ធ្វើឡើងបន្ទាប់ពី​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​​ជាចោរ​ប្លន់បានម្នាក់ក្នុងចំណោម៦នាក់​​នៅព្រឹកថ្ងៃព្រហស្បតិ៍ដដែល​ ​ក្រោយពីពួកគេបាន​​ធ្វើសកម្មភាពវាយប្លន់ម៉ូតូ C125 មួយគ្រឿង​​ ព៌ណខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CC 0635 ​ពីយុវជនឈ្មោះ​ ​ម៉ៅ ខួច​ អាយុ១៨ឆ្នាំ​ រស់នៅភូមិដុង ឃុំព្រៃស្តៅ ស្រុកព្រៃកប្បាស ​ខេត្តតាកែវ ​តែត្រូវបាន​សមត្ថកិច្ចដេញ​តាមយកម៉ូតូមកវិញ ។

សកម្មភាពវាយប្លន់ម៉ូតូនោះ​កើតឡើងកាលពីវេលាម៉ោង​ប្រមាណ​១រំលង​​អធ្រាត្រ​ឈានចូលថ្ងៃទី១៨ ​សីហា ២០១៦ ​នៅចំណុច​ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​ខណៈជនរងគ្រោះ​ជិះម៉ូតូចេញពីក្លឹបកម្សាន្ត​« មីតណាយ» ស្ថិតនៅតាម​បណ្តោយផ្លូវវេងស្រេង ។

សេចក្តីរាយការណ៍បានបន្តថា​ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨​ សីហានេះ ​សមត្ថកិច្ចនៅបន្តឡោមព័ទ្ឋ​ចាប់បក្សពួកចោរប្លន់​ដែល​មានគ្នាសរុប៦នាក់​ រាប់ទំាងជនសង្ស័យម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ​ដែលចាប់ខ្លួននៅព្រឹកមិញ ៕