​មន្ត្រី​ជំនាញ​មិនទាន់​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​ដែល​កំពុង​ធ្វើ​ផ្ទុយ​ពី​ច្បាប់​នៅ​ស្រុក​កែវ​សីមា​

សកម្មជន​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​រាយការណ៍​មក​ថា សកម្មភាព​ប្រើ​រំសេវ និង​ឧ​បករ​ណ៏​ខុសច្បាប់​សម្រាប់​បំផ្ទុះ​ទាញយក​រ៉ែ​មាស​ពី​ក្នុង​ដី​ក្នុងស្រុក​កែវ​សីមា ត្រូវបាន​ឈ្មួញ​ប្រើប្រាស់​ច្បាប់​ដែល​ហួស​សុពលភាព ជា​លេស​ក្នុង​ការធ្វើសកម្មភាព​ដើម្បី​ប្រយោជន៍​បុគ្គល និង​បក្ខពួក​មួយ​ក្តាប់​តូច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​សកម្មភាព​ជីក​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​កែ​សីមា​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​នោះ  មន្ត្រី​ជំនាញ​ក៏​មិនទាន់​ចុះបង្ក្រាប​បទល្មើស​នៅឡើយ​ទេ​។​

​កន្លងមក​ប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ខ្នាតតូច​ដែល​បានផ្ដល់​ឲ្យ​ក្រុម​អ្នក​ជីក​រ៉ែ​នៅ​ស្រុក​កែវ​សីមា គឺ​មិន​តម្រូវ​ឲ្យ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន​បន្ថែម និង​ត្រូវ​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ​សាមញ្ញ​ដែលមាន​នៅក្នុង​មូលដ្ឋាន ហើយ​សម្រាប់​ការផ្ដល់​អាជ្ញាប័ណ្ណ​នីមួយៗ​ដល់​អាជីវករ​រ៉ែ​នេះ​ទៀតសោត កំណត់​មិន​ឲ្យ​ធ្វើ​លើស​ទំហំ​ផ្ទៃដី​១​ហិកតា ជម្រៅ​មិន​ឲ្យ​លើសពី​៥​ម៉ែត្រ​សម្រាប់​ប្រភេទ​អណ្ដូងរ៉ែ​បើក ចំពោះ​អណ្ដូងរ៉ែ​ក្រោម​ដី ជម្រៅ​មិន​ឲ្យ​លើសពី​២០​ម៉ែត្រ និង​ជា​លក្ខណៈ​គ្រួសារ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​មូលដ្ឋាន​។ តែ​ស្ថានភាព​ជាក់ស្តែង​ក្រុម​អ្នក​ជីក​រ៉ែ​ក្នុង​ស្រុ​កែវ​សីមា ខេត្ត​ម​ណ្ឌ​គិរី បានធ្វើ​សកម្មភាព​ជីក​រ៉ែ​ដោយ​បំពាន​លក្ខខណ្ឌ​ច្បាប់​អនុញ្ញាត​ដល់​សព្វថ្ងៃ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី លោក សាន សារិទ្ធ បានបញ្ជាក់​នៅ​ថ្ងៃ​ដែល​បានប្រគល់​អាជ្ញាប័ណ្ណ​រ៉ែ​មាស​ដល់​ក្រុម​អ្នក​ជីក​រ៉ែ​ថា សុពលភាព​នៃ​អាជ្ញា​ប័​ណ្ឌ​ធនធាន​រ៉ែ​នេះ​មាន​រយៈពេល​មួយឆ្នាំ ហើយ​ប្រសិនបើ​អាជីវករ​រ៉ែ មានបំណង​ចង់​បន្ត​អាជីវកម្ម​ទៀត​នោះ ត្រូវធ្វើ​លិខិត​ស្នើសុំ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​បាន​មុន​ការ​ផុតកំណត់​សុពលភាព​អាជ្ញាប័ណ្ណ​ចាស់​។ សកម្មជន​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា សព្វថ្ងៃនេះ ក្រុម​អ្នក​ជីក​រ៉ែ​មិនបាន​សុំ​អាជ្ញាប័ណ្ណ​ថ្មី​នោះទេ ខណៈ​អាជ្ញាប័ណ្ណ​ចាស់​បាន​ផុត​សុពលភាព​ទៅហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការធ្វើ​ជីវ​កម្ម​រ៉ែ​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រវាង​មន្ត្រី​ជំនាញ និង​ឈ្មួញ​មានអំណាច ហើយក៏​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​៕

2ea8a1bc-263c-4e93-9f39-011489a3fdd6 220d3b32-5ab4-47b1-a847-810dea15a9fb d2aaca10-36c7-4de9-866a-f0d2d10fde3b