សង្គម​ស៊ីវិល​រិះគន់​ក្រសួង​ពាណិជ្ជកម្ម​ដែល​លុប​ទិន្នន័យ​អំពី​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ

សង្គម​ស៊ីវិល​រិះគន់​ក្រសួង​ពាណិជ្ជកម្ម​ដែល​លុបចោល​ទិន្នន័យ ឬ​ព័ត៌មាន​អំពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ​ចេញ​ពី​គេហទំព័រ​របស់​ស្ថាប័ន​មួយ​នេះ។

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​រឿង​នេះ​ចាត់​ទុក​ការ​លុប​ចោល​នូវ​ទិន្នន័យ​នេះ​ថា អាច​ជា​រឿង​ចង់​លុបលាង​នូវ​ភស្តុតាង​មួយ​ចំនួន​ទាក់ទង​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្ដីពី​ការ​ក្ដោបក្ដាប់​មុខ​ជំនួញ​ធំៗ​របស់​ត្រកូល "ហ៊ុន" ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស។

​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ការ​លុប​ចោល​ទិន្នន័យ​នេះ គឺ​ក្រសួង​កំពុង​តែ​ជួសជុល និង​រៀបចំ​គេហទំព័រ​នេះ​ឡើង​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ស្របច្បាប់។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា។ លោក​មាន​ប្រសាសន៍​ថា ហេតុផល​នេះ​ពិបាក​នឹង​ឲ្យ​សាធារណជន​ជឿ​ទុក​ចិត្ត​បាន និង​បាន​ដាក់​ចម្ងល់​ជា​ច្រើន ដូចជា​ហេតុ​អ្វី​បាន​ជា​គេហទំព័រ​នេះ​ទើប​នឹង​មាន​បញ្ហា ឬ​ចង់​រៀបចំ​ឡើង​វិញ​នៅ​ពេល​នេះ៖ «យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​មិន​គួរ​យក​បញ្ហា​ហ្នឹង​ដើម្បី​ការពារ​ត្រកូល​មួយ ហើយ​ព្យាយាម​អនុវត្ត​ថយ​ក្រោយ​នូវ​ការ​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុង​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​ដើម្បី​អភិវឌ្ឍ​ជាតិ​នោះ​ទេ…»

ការ​លុប​ទិន្នន័យ​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​នេះ កើត​ឡើង ១​ខែ ក្រោយ​ពី​អង្គការ Global Witness រក​ឃើញ​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤ ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ​ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "ហ៊ុន" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម។

​អង្គការ Global Witness អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ប៉ុន្តែ​មិន​ប្រកាស​ឲ្យ​ដឹង​ដើម្បី​ឲ្យ​មាន​តម្លាភាព ហើយ​ថែម​ទាំង​ប្រើ​ឈ្មោះ​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ដកស្រង់​សម្ដី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នេះ​ថា គេហទំព័រ​នេះ​មាន​ភាព​រអាក់រអួល​ក្នុង​ពេល​បច្ចុប្បន្ន​ដោយសារ​កំពុង​ជួសជុល។ ដំណើរការ​ជួសជុល និង​ស្ថាបនា​គេហទំព័រ​នេះ​ចាប់​ផ្ដើម​ជាង​មួយ​ឆ្នាំ​មក​ហើយ។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​ពី​លោក ហ៊ុន សែន ចំពោះ​របាយការណ៍​របស់​អង្គការ Global Witness នេះ ថា​ជា​របាយការណ៍​ពិត ឬ​មិន​ពិត​យ៉ាង​ណា​ឡើយ។ ចំណែក​ពី​ខាង​រដ្ឋាភិបាល​វិញ ក៏​មិន​ឃើញ​មាន​ការ​ស៊ើបអង្កេត​ចំពោះ​បញ្ហា​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។