គ្រាន់តែហាមពលរដ្ឋខ្មែរ កុំជួលដីនៅព្រំដែនឲ្យជនបរទេសគឺមិនទាន់គ្រប់គ្រាន់ទេ!

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដាច់ខាតថា មិនឲ្យជួលដីជាប់ព្រំដែនទៅឲ្យប្រជាជនវៀតណាម។ ការប្រកាសនេះ មិនមែនជារឿងថ្មីទេ ព្រោះថា កាលពីខែវិច្ឆិកាឆ្នាំមុន លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានចេញសារាចរណែនាំដូចគ្នានេះម្តងដែរ គឺបញ្ឈប់រាល់សកម្មភាពជួលដីនៅព្រំដែនទៅឲ្យប្រទេសជិតខាងទាំងអស់។ ក៏ប៉ុន្តែចំពោះក្រសែភ្នែកវិភាគ គេមើលឃើញថា គ្រាន់តែហាមប្រាមដូច្នេះ គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។

នៅខែវិច្ឆិកាឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារាចរណែនាំដល់គ្រប់អភិបាលខេត្តទាំងអស់ ដែលនៅជាប់ប្រទេសវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែន ទៅឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងអស់នេះ។ នោះគឺដោយសំអាងហេតុថាជៀសវាងកុំឲ្យលំបាកក្នុងការគ្រប់គ្រង និងដែលអាចបង្កឲ្យមានភាពស្មុគស្មាញនានា។ មិនតែប៉ុណ្ណោះ គឺដើម្បីចៀសវាងបញ្ហា ដីខ្មែរស្រែឡាវ ឬដីខ្មែរស្រែថៃ ឬក៏ដីខ្មែរ ស្រែវៀតណាម ជាដើម។

ជិតមួយឆ្នាំក្រោយមក! ពោលគឺពីពេលថ្មីៗនេះតែម្តង ប្រមុខរដ្ឋាភិបាល បានប្រកាសជាថ្មីទៀត គឺហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះគឺជាការក្រើនរម្លឹកជាថ្មីម្តងទៀតរបស់ថ្នាក់ដឹកនាំប្រទេស ទៅកាន់ប្រជាពលរដ្ឋនិងអាជ្ញាធរខេត្តទាំងអស់ ដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។

ក្រៅពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានណែនាំឲ្យអាជ្ញាធរខេត្តខណ្ឌជាប់ព្រំដែន ទប់ស្កាត់អំពើនេសាទខុសច្បាប់ និងពន្លឿនការបោះបង្គោលព្រំដែនឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ថែមទៀតផង។

បើទោះបីសារាចរណែនាំលើកទី១ ពុំសូវមានប្រសិទ្ធភាពក៏ដោយ ក៏ចំណាត់ការតាមរយៈការក្រើនរម្លឹកជាថ្មីនេះ ត្រូវបានទទួលការសាទរជាច្រើន។ ហើយទោះចង់មិនចង់! វិធានការនេះ គឺទំនងជាកំពុងបង្ហាញពីឆន្ទៈ ក្នុងការលុបបំបាត់ ការចោទប្រកាន់ដែលថា រដ្ឋអំណាចបណ្តោយឲ្យគេលួចរំកិលចូលដីខ្មែរ។

ទន្ទឹមនឹងនេះ គេក៏ប្រហែលជាត្រូវចោទសួរដែរថា តើហេតុអ្វីពលរដ្ឋខ្មែរដែលជាអ្នកស្រឡាញ់ទឹកដីរបស់ខ្លួនផងនោះ ម្តេចក៏ទៅជួលដីឲ្យជនបរទេសទៅវិញ?
ពិតណាស់ ពលរដ្ឋខ្មែរភាគច្រើននៅតាមបណ្តោយព្រំដែន គឺជាកសិករធ្វើស្រែចម្ការ។ ក៏ប៉ុន្តែ ពួកគេពុំមានលទ្ធភាពបង្កបង្កើនផលបានពេញលេញ លំបាកគ្រប់សព្វបែបយ៉ាង ព្រោះថា គ្មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ គឺជាចំណោទមួយ ហើយខណៈដែលដំណើរការផលិតចំណាយទុនច្រើនផង តែដល់ពេលលក់ចេញ គឺត្រូវឈ្មួញបរទេសជាប់ព្រំដែន បន្ថោកតម្លៃទៅវិញ។ នេះក៏ជាការប្រឈមមុខធំមួយទៀត។

ដូច្នេះចំពោះកសិករខ្មែរទាំងនោះ មធ្យោបាយល្អ គឺមានតែជួលដីឲ្យសាសន៍ដទៃ ហើយចាំតែអង្គុយរយភាគលាភវិញ ប្រហែលជាល្អជាង។

ម្យ៉ាងវិញទៀត នៅក្នុងស្ថានភាពបែបនេះ បើហាមប្រាមពួកគេមិនឲ្យជួលដីឲ្យជនបរទេសទៀតនោះ គឺទំនងជាអាចនឹងបណ្តាលឲ្យដាច់កម្រៃរបស់ពួកគេ ថែមទៀតផង ក៏ថាបាន។

ដូច្នេះ តើអ្វីទៅជាដំណោះស្រាយដ៏ប្រសិទ្ធភាពចំពោះអ្នកនៅតាមព្រំដែនទាំងនោះ?

ជំហានមួយក្នុងចំណោមវិធីសាស្ត្រទាំងឡាយ គឺការប្រែក្លាយទីស្មសាននៅតាមព្រំដែន ឲ្យទៅជាទីប្រជុំជន។ ពោលគឺនៅតាមព្រំប្រទល់ដែន ត្រូវតែស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសង្គម សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្សារលក់ដូរផ្សេងៗព្រមទាំងកសាងបណ្តាញផ្លូវថ្នល់ និងផ្លូវជាតិជាដើម។

ជាពិសេសទៀតនោះ គឺប្រព័ន្ធធារាសាស្ត្រ ដែលធំនិងរឹងមាំ គឺជាតម្រូវការចាំបាច់ណាស់សម្រាប់ប្រជាកសិករខ្មែរ។ លើសពីនេះ ការជួយសម្របសម្រួល និងរកទីផ្សារលក់ដូរផលិតផលកសិកម្ម ដល់ពួកគេទាំងនោះ គឺជាអ្វីដែលរដ្ឋអំណាច មិនអាចមើលរំលងបាននោះឡើយ។

ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគមនាគមន៍គ្រប់គ្រាន់ នៅតាមខ្សែព្រំដែន គឺនឹងបង្កលក្ខណៈងាយស្រួល ឲ្យពលរដ្ឋខ្មែរ ទៅរស់នៅទីនោះកាន់តែច្រើន ហើយ បើធ្វើបានដូច្នេះ ប្រាកដណាស់ ពួកគេនឹងមានជីវភាពធូរធារ។ នៅពេលនោះ ច្បាស់ជា នឹងអាចកាត់បន្ថយបញ្ហាចំណាកស្រុក បានផងដែរ។

ក្រៅពីយកប្រជាពលរដ្ឋជារបងការពារព្រំដែនហើយនោះ គេក៏ត្រូវសាងសង់សំណង់រឹងមាំផ្សេងទៀត ព្រមទាំងកសាងរោងចក្រធំៗជាដើម។ ចំណែកការសាង់សង់តែកាស៊ីណូធំៗនៅតាមព្រំដែនតែមួយមុខ ក៏ពុំមែនជាដំណោះស្រាយល្អគ្រប់គ្រាន់នៅឡើយដែរ។

រីឯសាខាបក្សនយោបាយ និងសង្គមស៊ីវិលផ្សេងៗ ក៏គួរតែត្រូវបង្កើតមូលដ្ឋានរបស់ខ្លួននៅព្រំដែនឲ្យបានច្រើនដែរ ដើម្បីតំណាងឲ្យសំឡេងរបស់ពួកគេទាំងនោះ ហើយស្ថាប័នអស់នោះ ក៏អាចជាជំហរដល់ពួកគេ និងអាចជួយប្រឹក្សាយោបល់ផ្សេងៗ ដល់ពលរដ្ឋទាំងនោះផងដែរ។

ជារួម ការហាមប្រាមមិនឲ្យជួលដីជាប់ព្រំដែនឲ្យជនបរទេសតែមួយមុខ គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។ គឺប្រការសំខាន់ ត្រូវធ្វើឲ្យប្រជាជនខ្មែរដែលនៅតាមបណ្តោយព្រំដែន ក្លាយជារបងការពារដ៏រឹងមាំ និងជាព្រំដែនសន្តិភាព ទើបជាការប្រសើរ៕

ប្រភព៖ RFI


Related Posts