ចិន​សង្ឃឹមលើ​ក្រុម​ប្រទេស G20 ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច

ប្រទេស​ចិន ៖ ចិន​នឹង​ស្នើ​ឱ្យ​មានការ​ផ្តួចផ្តើម​រួម​គ្នា​មួយ​ក្នុង​កិច្ចប្រជុំ​នា​ខែ​ក្រោយ រវាង​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​២០ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​សកល​ដែល​ចុះ​ខ្សោយ​។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​បានឱ្យ​ដឹង  ។

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​ចិន បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​មួយ​ថា ប្រទេស​ចិន​ចង់ឱ្យ​មាន​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ កញ្ញា និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នយោបាយ​ផ្សេង​ៗ​ដូច​ជា​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម ។

កិច្ចប្រជុំ​នៅ​ភាគ​ខាងកើត​ទីក្រុង Hangzhou ប្រទេស​ចិន បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​សេដ្ឋកិច្ច​សកល​ងើបឡើង​វិញ ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ជួយ​ជំរុញ​ប្រជាប្រិយភាព​ចលនានយោបាយ​របស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​បាន​តស៊ូ​មតិ​លើ​ការ​ការពារ​ឧស្សាហកម្ម​ក្នុងស្រុក ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ចិន​និយាយ​ថា សេចក្តី​លម្អិត​នៃ​សំណើ​របស់​ប្រទេស​ចិន កំពុង​ស្ថិត​នៅ​ក្រោម​ដំណើរការ ។ ដោយឡែក សំណើ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល និង​លើកកម្ពស់​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា ។

ពួក​គេ​មិន​បាន​បង្ហាញ​ឱ្យ​ច្បាស់​ថា នឹង​រួម​បញ្ចូល​វិធានការ​ជំរុញ​សេដ្ឋកិច្ច ខណៈ​វិនិយោគិន​មួយ​ចំនួន​រំពឹង​ថា នឹង​មានការ​បង្កើត​វិធានការ​នេះ ។ ប៉ុន្តែ​ក្រុម​មន្ត្រី​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ទាំង​២​លើក​កាលពីមុន​របស់​ក្រុម​ប្រទេស G20 និយាយ​ថា ពេលវេលា​មិន​សម​ស្រប​ក្នុង​ការ​បង្កើត​វិធានការ​នេះ​ទេ ពីព្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​កំពុង​ប្រឈម​នឹង​ស្ថានភាព​ផ្សេង​ៗ​គ្នា ហើយ​ត្រូវ​ចាត់វិធានការ​ក្នុង​ប្រទេស​របស់​ខ្លួន ។

លោក Zhu Guangyao អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន ឱ្យ​ដឹង​ថា សំណើ​នេះ​នឹង​សង្កត់ធ្ងន់​លើ​កំណើនសេដ្ឋកិច្ច​សរុប​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការ​គាំទ្រ​ពាណិជ្ជកម្ម​សេរី ។ រដ្ឋាភិបាល​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ទប់ទល់​ជាមួយ​អ្នក​ដែល​ជំទាស់​នឹង​សកលភាវូបនីយកម្ម​។ លោក​ថ្លែង​ថា ៖ « ប្រសិនបើ​ប្រជាជន​មិន​យល់​ពី​ផលប្រយោជន៍​នោះ ការ​អភិវឌ្ឍ​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ពួក​គេ​ប្រសើរ​ឡើង​ឡើយ ហើយ​ពួក​គេ​នឹង​មាន​អារម្មណ៍​ច្របូកច្របល់​ចំពោះ​ការ​អភិវឌ្ឍ​ផង​ដែរ » ។

លោក Yi Gang អភិបាលរង​នៃ​ធនាគារ​ប្រជាជន​ចិន ឱ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្តោត​លើ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្លាក់​ចុះ តាម​រយៈ​ការ​បើកចំហ​ពាណិជ្ជកម្ម​បញ្ចូល​គ្នា និង​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ឲ្យ​រឹង​មាំ ។ លោក​ថ្លែង​ថា ៖ « យើង​ត្រូវ​រក្សា​ទំនុកចិត្ត​ក្នុង​ទីផ្សារ និង​ធានា​ថា គ្មាន​ការ​ធ្លាក់​ថ្លៃ​ការ​ប្រកួតប្រជែង ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ទីផ្សារ​នេះ​កំណត់​អត្រា​ប្តូរ​ប្រាក់​វិញ ។ ការ​បន្ថែម​នេះ​នឹង​ក្លាយជា​ការ​ពិភាក្សា​លម្អិត​លើក​ដំបូង​អំពី​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​សម្រាប់​ក្រុម​ប្រទេស G20 ។ កិច្ចប្រជុំ​កំពូល​ប្រទេស G20 នឹង​ពិភាក្សា​អំពី​របៀប​ក្នុង​ការ​ត្រួតពិនិត្យ ព្រមទាំង​ឆ្លើយ​តប​នឹង​ហានិភ័យ​ដែល​កើតឡើង​ដោយ​លំហូរ​មូលធន​សកល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ » ។
ទន្ទឹម​គ្នា​នេះ​ដែរ អនុរដ្ឋមន្ត្រី​ការ​បរទេស លោក Li Baoding បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​ចិន​មាន​បំណង​ចៀសវាង​បញ្ហា​រសើប​ខាង​ការទូត ។

« ការ​មូលមតិ​គ្នា​ក្នុង​ចំណោម​សមាជិក​ទាំងអស់ គឺ​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​មិន​ត្រូវ​បាន​រំខាន​ដោយ​ភាគី​ផ្សេង​ៗ​ទេ » ។ នេះ​បើ​តាម​លោក Li បានឱ្យ​ដឹង​ក្នុង​ការ​សាកសួរ​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

លោក​បន្ថែម​ថា ៖ « កិច្ចប្រជុំ​កំពូល Hangzhou ត្រូវ​តែ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​។ នេះ​គឺជា​អ្វី​ដែល​យើង​ចង់​និយាយ​បំផុត » ៕