ឃើញ​ជិះចូលការ៉ាស់​​​កុំច្រឡំថា ចាក់​សាំង ការពិត​​​ចាក់…

ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ថា ទីតាំង​​​កត់​ឆ្នោត​កន្ទុយលេខ​ដ៏​ធំ​ដុះ​ស្លែ​មួយ​កន្លែង ​កំពុង​​ជ្រក​​ក្រោម​ស្លាក​ស្ថា​នី​យ​ប្រេងសាំង​​ឈ្មោះ​ជឹ​ម ផល្លា ស្ថិតក្នុងភូមិ​ក្រ​ញូ​ង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ គឺ​ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ពង្រាយ​កូន​​ៗ ​(​អ្នក​ដើរ​កត់​ឆ្នោត​តាម​ផ្ទះ​)​ រាប់​សិប​នាក់ ឱ្យ​​ធ្វើ​សកម្មភាព​គ្រប់​ច្រកល្ហក ដើម្បី​កត់​កន្ទុយ​លេខ​ រួច​យក​ទៅ​សាង​​នៅ​ស្ថា​នី​យ​ប្រេងសាំង​ខាងលើ ។

សេចក្តី​រាយ​ការ​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ ​គេ​តែងតែ​​ឃើញ​មនុស្ស​រាប់​មិន​អស់ ចេញ-ចូល​ស្ថា​នី​យនោះ តែ​មិនមែន​ចូល​ទៅ​រក​ចាក់​ប្រេង​ឬ​​ចាក់​សាំង​ឡើយ គឺ​គេ​ចូល​ទៅ​ចាក់ក​ន្ទុ​ក​​លេខ ។ ចំណែក​អ្នកខ្លះ ​គឺ​បាន​យក​លេខ​ និង​លុយ​ដែល​ដើរ​កត់​តាម​ផ្ទះ​​ទៅ​សាង​ឲ្យ​មេ​ឆ្នោត ​ដែល​ត្រូវ​បានគេ​ស្គាល់​​ជា​ប្រ​ព​ន្ធ​​របស់​ឈ្មោះ​ជឹ​ម ផល្លា ហៅ​តា​ឡា ដែល​ជា​ម្ចាស់​ស្ថា​នី​យ​​ប្រេង​នោះ​ ។

ក្នុង​មួយ​ថ្ងៃ​ៗ ​នៅ​ទីតាំង​មេ​ឆ្នោត​នោះ​ ត្រូវ​​គេ​ទម្លាយ​ឱ្យ​​ដឹង​ថា បាន​ទទួល​លុយ​ចាក់​ពី​ប្រជាពលរដ្ឋ​មិន​តិច​​ទេ គឺ​មាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លា​រ​ឯណោះក្នុង​មួយ​ថ្ងៃ ។ ហើយ​ក៏​អាច​មានការ​ជាប់​ពាក់​ព័​ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ព្រោះថា ទីតាំង​ទទួល​កត់​ឆ្នោត​​​បាន​​បើក​យ៉ាង​ចំហរ​ (​បើកចាក់​ឆ្នោត​ក្នុង​ស្ថា​នី​យ​)​ តែម្តង តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ ឬ​ជំនាញ​ពាក់​ព័​ន្ធ​ណា​ទៅ​អើ​ពើ​មើល​ឃើញ​ពី​សកម្មភាព​​នោះ​ទេ​ ។

​លោកកែវ វ៉ា​ត នាយ​ប៉ុស្តិ៍​ត្រ​ញាំ​ង​គ្រញូ​ងបាន​ឱ្យដឹង​ថា គាត់​ធ្លាប់​​ឮ​ថា កន្លែង​នោះ​ ពិតជា​មានការ​លេងល្បែង​កន្ទុយលេខ​មែន ហើយ​មេ​ឆ្នោត​នោះ ​គឺជា​ប្រ​ព​ន្ឋ​របស់តា​ឡា ។​ លោក​បន្ត​ថា ពីរ​ បី​ថ្ងៃ​ទៀត​ លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ខាង​លើ ព្រោះ​នៅ​ពេល​នេះ​ លោក​កំពុង​ជាប់រវល់ធ្វើ​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​។

មហាជន​បាន​និយាយ​ថា ហេតុ​អ្វី​បានជា​លោក​មេ​ប៉ុស្តិ៍​បាន​ទទួល​ជ្រាប​ថា កា​រ៉ា​ស់​សាំង​ឈ្មោះជឹ​ម ផល្លា មាន​បើក​លេងឆ្នោត​ធំ​យ៉ាងនេះ​​ទៅ​ហើយ ម្តេច​មិន​ព្រម​ចាត់វិធានការ ចាំ​ទាល់តែ​បែកធ្លាយ​រឿង​ដល់​អ្នកកាសែត​ ទើបបានមាន​គម្រោង​ចុះ​ទៅ​ត្រួតពិនិត្យ ឬ​មួយ​ថា​ លោក​មេ​ប៉ុស្តិ៍​ខ្លាច​​អំណាច​​​ម្ចាស់​កា​រ៉ា​ស់សាំង​?