ឆ្ងល់? ជិត​ដាច់​កង់​មុខ​ម្ខាង​ចត​ចោល​កណ្ដាលផ្លូវ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កា​ម៉ា​រី​ឆ្លាម​១​គ្រឿង​គ្មាន​សំបក​កង់​ខាង​មុខ​ម្ខាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចត​ទុក​ចោល​ច្រ​ង៉ាង​លើ​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​៣៧៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-5535 គ្មាន​សំបក​កង់​មុខ​ផ្នែក​ខាងស្តាំ​ម្ខាង និង​បែក​ស្តុ​បប​ម្ខាង​ផង​នោះ ជា​របស់​បុរស​ជនជាតិ​ម្នាក់​ដែល​ស្នាក់​នៅផ្ទះ​ខាងលើ ។ មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​បើកទ្វារ​ផ្ទះ​បម្រុង​ចេញ​ទៅ​រកស៊ី ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​នេះ​មិនដឹង​ថា បុរស​ជនជាតិ​ចិន​នោះ​បាន​បើក​មកពីណា និង​តាំងពី​ពេល​ណា​ឡើយ យក​មក​ចត​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ដោយ​ដាក់​ទទឹង​ផ្លូវ​ច្រ​ង៉ាង​បែប​នេះ ទំនង​តាំងពី​យប់​មក​ម្ល៉េះ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​យក​រថយន្ត​មក​ចត​លើ​ផ្លូវ​រប​ស់បុរសជន​ជាតិចិន​ខាងលើ​នេះ គឺ​មាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ ដោយ​ស្មាន​តែ​រថយន្ត​នោះ​បាន​បង្ក​គ្រោះថ្នាក់​នៅ​ទីណា ហើយ​បាន​ត្រឡប់​ទៅ​វិញ​អស់​ក្រោយ​ពី​បានដឹង​ថា មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ឆាប់​យក​រថយន្ត​នោះ​ចេញពី​ផ្លូវ ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ និង​បង្ក​ការ​ភ្ញាក់ផ្អើល​បន្ត​ទៀត ៕