អ្នកដំណើរក្នុងក្រុងភ្នំពេញនឹងឃើញ រូបភាពតារាកម្ពុជាល្បីៗពី យុទ្ធនាការផ្សព្វផ្សាយ ភាពយន្តភាគថ្មីនៅភីអិនអិន

អ្នកបើកបរ និងអ្នកធ្វើដំណើរក្នុងក្រុងភ្នំពេញ នឹងបានទស្សនា រូបភាពតារាភាពយន្តកម្ពុជាល្បីៗមួយចំនួន នៅតាមដងផ្លូវ នៅក្នុងយុទ្ធនាការ ផ្សព្វផ្សាយចល័តរបស់ទូរទស្សន៍ PNN ។

រូបភាពកំពូលតារាល្បីៗ ដែលរួមមាន កញ្ញា ម៉ាក សែនសូនីតា ហៅតូតា លោក អេវីន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា លោក អ៊ិន សុទ្ធា កញ្ញា មឿន ផាណែត កញ្ញា គៀត សុវណ្ណាឡាង លោក ទេព រិនដារ៉ូ អ្នកស្រី ប៉ែន សុផានី និងតារាសម្តែងល្បីៗ ជាច្រើនរូបទៀត ត្រូវបានបិទបង្ហាញលើរថយន្ត ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្តភាគខ្មែរ ថ្មីរបស់ទូរទស្សន៍ PNN។ ក្នុងនោះមានដូចជារឿង ម្ទេសហឹរ ប៉ះអំបិលប្រៃ រឿងសង្គ្រាមបេះដូង និងរឿងភក្តីស្នេហ៍ទ្វេភពជាដើម។

រថយន្តផ្សព្វផ្សាយខ្សែភាពយន្តនេះ នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃយុទ្ធនាការទីផ្សារ ហើយក្នុងនោះ ក៏មានការផ្សព្វផ្សាយនៅលើទំព័រកាសែត សារព័ត៌មានអនឡាញ បណ្តាញសង្គម ផ្ទាំងLED និងផ្ទាំងប៉ាណូផងដែរ។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ ស្ថានីយទូរទស្សន៍ភីអិនអិនបានថ្លែងថា៖ «ក្រៅពីការវិនិយោគ នូវចំនួនទឹកប្រាក់សន្ធឹកសន្ធាប់ ដើម្បីពង្រឹងនូវគុណភាពផលិតភាពយន្តភាគខ្មែរ អោយបានល្អហើយ ភីអិនអិនក៏បានចំណាយថវិកាក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរ ឲ្យទូលំទូលាយដើម្បីសាធារណជនបានដឹង និងឲ្យពួកគាត់បង្វែរចំណាប់ អារម្មណ៍ចូលរួមទស្សនា និងគាំទ្រភាពយន្តខ្មែរ»។

កញ្ញាបានបន្ថែមទៀតថា៖ «ថ្វីត្បិតតែបច្ចុប្បន្នយើងនៅមាន កត្តាខ្វះខាតមួយចំនួនសម្រាប់ការផលិត តែបើយើងនាំគ្នាចូលរួមគាំទ្រ និងផ្តល់នូវមតិយោបល់ស្ថាបនា នោះភាពយន្តខ្មែរ នឹងមានការរីកចម្រើនលឿន ជាជាងផ្តល់នូវ ទស្សនៈអវិជ្ជមាន»។

ខ្សែភាពយន្តភាគខ្មែរពីររឿងដំបូងគឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង» នឹងចាប់ផ្តើមចាក់ផ្សាយ ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះហើយ នៅរៀងរាល់ថ្ងៃច័ន្ទ ដល់សៅរ៍ ចាប់ពីវេលាម៉ោង៨យប់តទៅ។

រឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេនាស្នេហា រវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹង ម្តាយក្មេកដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមាន គំនិតអប់រំទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះ មានការយោគយល់អធ្យាស្រ័យ គ្នាទើបរស់នៅជាមួយគ្នាប្រកបដោយ សេចក្តីសុខ។

ខ្សែរឿងមួយនេះធានាថាទូរទស្សនិកជនប្រាកដជា ទទួលបាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយ ឈុតឆាកកំប្លែងច្រើន ជាមួយនឹង ការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន ជាតួឯក ហើយអ្នកនាង គ្រត ជាតួអង្គ ម្តាយក្មេក បូករួមនឹងសិល្បករល្បីៗ ជាច្រើនរូបទៀត។

រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវ អាថ៌កំបាំងច្រើនដែលធ្វើឲ្យទូរទស្សនិកជន ត្រូវតាមដានដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃផលិតរបស់ផលិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់ពី សំណាក់ទូរទស្សនិកជនខ្មែរជាយូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។

តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះរួមមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា កញ្ញា ឡាយ សម្ផស្ស លោក សាវិន ហ្វីលីព រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គ ជាច្រើនរូបទៀត។

រឿង«សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីប្រឆាំង នឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយនឹង មនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរ នឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិត មនុស្សដែលនាង ស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗ សុទ្ធតែជាការរៀបចំទុកជាមុន ដោយមិនឲ្យនាងដឹង ពីសំណាក់បុរសជាទីស្រឡាញ់របស់នាង។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិត ខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើន ជាងមួយរយម៉ោងក្នុងឆ្នាំ ២០១៦នេះ ដើម្បីចាក់ផ្សាយជូន ទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload