សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុងស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង គ្មាន​មន្ត្រី​ជំនាញ​ណា​ទប់ស្កាត់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតមាន​បទល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​២​និង​តំបន់​៣​យ៉ាង​អនាធិបតេយ្យ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ដីព្រៃ​លិច​ទឹក​តំបន់​២​តំបន់​៣​ជាប់​បឹង​ទន្លេសាប ត្រូវ​ក្រុម​ជនល្មើស​មួយចំនួន​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃតូច បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប​រាប់សិប​ហិកតា​ក្នុង​តំបន់​២​និង​តំបន់​៣ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សកម្មភាព​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​និង​តំបន់​៣​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ ក៏ដូចជា​ជម្រក​ត្រី​ពង​កូន​នៅក្នុង​រដូវ​ទឹក​ឡើង ដូច្នេះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក៏ដូចជា​អភិបាលខេត្ត​បាត់ដំបង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា នៅពេលដែល​ពួកគាត់​កាត់​ឆ្ការព្រៃ​យក​ដី​បន្តិចបន្តួច​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ត្រូវ​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​ភ្លាមៗ ប៉ុន្តែ​នៅពេល​អ្នកមាន​លុយ អ្នកមានអំណាច ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​រាប់សិប​ហិកតា​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​លោក ឡុ​ម សោម អភិបាលស្រុក​មោង​ប្ញ​ស្សី បាន​ឆ្លើយថា​មិនដឹង​រឿង​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​និង​តំបន់​៣​ជាប់​បឹង​ទន្លេសាប​ក្នុង​ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី​។ ចំណែក​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ស្រុក​មោង​ប្ញ​ស្សី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​និង​តំបន់​៣​រាប់សិប​ហិកតា ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​រួចទៅហើយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃតូច អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​៕

chan_sophalលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង 999