កាយ​វប្បកម្ម​​​ កំពុង​រក​​​ជំនួយបង់​​ថ្លៃ​ចុះ​ឈ្មោះ​​​ប្រកួត​ជើង​ឯកពិ​ភព​លោក​នៅ​ថៃសម្រាប់​១២នាក់​

សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជាកំពុងប្រកាស​ស្វែង​រក​ជំនួយ​ដើម្បី​ជួយ​ដល់​កីឡាករ​១២​នាក់​សម្រាប់​បង់​ថ្លៃ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​​ព្រឹត្តិការណ៍​កីឡា​កាយ​វប្បកម្ម​ពិភព​លោក​ ដែល​​នឹង​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ទឹក​ដី​​ប្រទេស​ថៃ។

 

 កាយ​វប្បកម្ម​​​ កំពុង​រក​​​ជំនួយបង់​​ថ្លៃ​ចុះ​ឈ្មោះ​​​ប្រកួត​ជើង​ឯកពិ​ភព​លោក​នៅ​ថៃសម្រាប់​១២នាក់​លោក តឹក ប៊ុន​វី​

 

លោក តឹក ប៊ុន​វី​ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​បានឲ្យ​​ដឹង​​​ថា ​កត្តា​សំខាន់​គឺ​សហព័ន្ធ​ខ្វះខាត​ថវិការ​ចុះ​ឈ្មោះ​ឲ្យ​កីឡាករ​​១២​នាក់​​​ដែល​​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​៥៤០​ដុល្លារ​អាមេរិក​ទើប​អាច​ចូល​រួមប្រកួតបាន។ ​សហព័ន្ធ​គ្មាន​លទ្ធភាព​បង់​តាម​ចំនួន​កីឡាករ​ខាង​លើ​ទេ​​​ ហេតុ​នេះ​សូម​​ប្រកាស​រក​ជំនួយ​ពី​អ្នក​ឧបត្ថម្ភ​ផ្សេងៗ ដើម្បី​ឲ្យ​កីឡាករ​អាច​ទៅ​ចូលរួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា។

ម្ចាស់​មេដាយ​មាស​ជើង​ឯក​អាស៊ាន​កាយ​វប្បកម្ម​​រូប​នេះ​បន្ថែម​ថា សហព័ន្ធ​នឹង​ប្រជុំ​សម្រេច​ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​នេះ​​ម្ដង​ទៀត​ ក្នុង​ការ​ចុច​​ឈ្មោះ​កីឡាករ​ទៅ​ចូល​រួម​​ ប្រសិន​​បើ​ខាង​សហព័ន្ធ​មិន​អាច​រក​ជំនួយ​បាន។ ​សហព័ន្ធ​អាច​នឹង​កំណត់​យក​តែ​អ្នក​មាន​សង្ឃឹម​ខ្ពស់​​ជាង​គេ ​ពីរ​ឬ​បី​នាក់​​ប៉ុណ្ណោះ​​ដើម្បី​សម្រួល​ក្នុង​​ការ​ចំណាយ​តិច។

 

​ជា​មួយ​គ្នា​នេះ លោក សុខ​ មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​​បញ្ជាក់​ថា​ ​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​​​១២​នាក់​ត្រូវ​បាន​ជ្រើស​រើស​រួចរាល់ហើយ។​​ ​ពួក​គេ​សុទ្ធ​តែ​មាន​​សង្ឃឹម​​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ។ ​ទោះ​ជា​យ៉ាង​ណា កង្វះ​ថវិការ​ចុះ​​ឈ្មោះ​​ចូល​រួម​ប្រកួត​​សម្រាប់​ព្រឹត្តិការណ៍​នេះ​​អ្នកគាំ​ទ្រ​​​​ទម្លាក់​​កំហុស​មក​តែ​សហព័ន្ធ​ ប៉ុន្តែ​ជាក់​ស្ដែង​រដ្ឋា​ភិបាល ឬ​ក្រសួង​​អប់រំ​​មិន​​​បាន​ចាប់​អារម្មណ៍​ជួយ​ខាង​សហព័ន្ធ​មួយ​នេះ​ឡើយ។

 

ពេល​វេលា​ឈប់​ទទួល​ពាក្យ​ចុះ​ឈ្មោះ​​​​​​ត្រឹម​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៦។ ​​កាល​ពី​ឆ្នាំ​២០១៥​ កម្ពុជា​​ទទួល​បាន​មេដាយ​សំរឹទ្ធ​​១​គ្រឿង​​ពី​ព្រឹត្តិការណ៍​កីឡា​កាយ​វប្បកម្ម​ពិភព​លោក​​ ដែល​ដណ្ដើម​បាន​ដោយ​កីឡាករ​​ សំបូរ ណាន ក្នុង​ចំណោម ៤៨​ប្រទេស​ចូលរួម​ប្រកួត​​ប្រជែង៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​