តួ​ក​គី​នឹង​ដោះ​លែង​អ្នកទោស​38.000​នាក់ ទុក​កន្លែង​ឃុំឃាំង​អ្នក​ថ្មី

ប្រទេស​តួ​ក​គី​នឹង​ដោះ​លែង​អ្នកទោស​៣៨.០០០​នាក់ ខណៈ​ដែល​បណ្តា​ពន្ធនាគារ​របស់​ប្រទេស​នេះ​ពេញ​ណែន​ក្រោយ​ការ​ចាប់​ឃុំឃាំង​មនុស្ស​យ៉ាងច្រើន បន្ទាប់​ពី​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែ​មុន ។

ក្រិ​ត្យ​២​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ សីហា ដោយ​កាសែត​ផ្លូវការ​អះអាង​ពី​ការ​ដោះ​លែង​អ្នកទោស​ទាំងនេះ​ដែល​ពុំ​ជាប់​ទាក់ទិន​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ។ ក្រិ​ត្យ​ទាំងនេះ ក៏​គ្រោង​ផង​ដែរ​ដក​តំណែង​ប៉ូលិស​២.៣៦០​នាក់ ទាហាន​១០០​នាក់ និង​និយោជិត​នៃ​អាជ្ញាធរ​ជាតិ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​គមនាគមន៍ BTK ជិត​២០០​នាក់​។ ពួក​អ្នក​ទាំងនេះ​ទទួល​ការ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​លោក FETHULLAH GULEN ដែល​ក្រុង​អង់កា​រ៉ា​ចាត់​ទុក​ថា ជា​អ្នក​រៀបចំ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ។

សរុប​ប៉ូលិស​តួ​ក​គី​បាន​ចាប់ខ្លួន​មនុស្ស​៤០.០២៩​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​លើ​រដ្ឋប្រហារ​មិន​សម្រេច ហើយ​មនុស្ស​២០.៣៥៥​នាក់ ត្រូវ​ជាប់​ឃុំឃាំង ។ ក្នុង​ផ្នែក​សេវាកម្ម​សាធារណៈ​ពិសេស​កងទ័ព ប៉ូលិស និង​តុលាការ មនុស្ស​ដល់​ទៅ​៧៩.៩០០​នាក់ ត្រូវ​ដក​ចេញពី​តំណែង ។ នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក​ប៊ី​ណា​លី យី​ល​ឌី​រី​ម អះអាង​ពី​ការ​រឹបអូស​សហគ្រាស និង​ស្ថាប័ន​ចំនួន​៤.២៦២ ដែល​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​លោក GULEN ។

ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវ​ដោះ​លែង​ត្រូវ​មាន​លក្ខខណ្ឌ​គឺ​ពួក​អ្នកទោស​ដែល​បំពេញ​ទោស​របស់​ពួក​គេ​បាន​ពាក់កណ្តាល ហើយ​និង​ពួក​អ្នកទោស​ដែល​នៅ​សល់​ទោស​តិច​ជាង​២​ឆ្នាំ​។ ចំពោះ​ពួក​អ្នកទោស​ពី​បទ​ភេរវកម្ម សម្លាប់​មនុស្ស ឬ​ក៏​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រំលោភ​រួម​ភេទ​ពុំ​ត្រូវ​ដោះ​លែង​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ A HABER រដ្ឋមន្ត្រី​យុត្តិធម៌​តួ​ក​គី​លោក BEKIR BOZDAG ប្រកាស​ថា មនុស្ស​៣៨.០០០​នាក់​នឹង​ត្រូវ​ដោះ​លែង​ក្នុង​គ្រា​ដំបូង តែ​ចុង​ក្រោយ​អ្នកទោស​ដល់​ទៅ​៩៣.០០០​នាក់ អាច​ទទួល​បានការ​ដោះ​លែង ។

លោក BEKIR BOZDAG ពុំ​បាន​ពន្យល់​ពី​ការ​កែទម្រង់​នេះ​ដែល​មាន ខណៈ​អ្នកទោស​នៅ​តួ​ក​គី​មាន​ចំនួន​កើន​ដល់​៣​ដង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ៕