ប្រធានាធិបតីហ្វីលីពីន ហៅការថ្កោលទោសរបស់ UN ថាជាទង្វើឆ្កួតលីលា

កិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិ (UN) មកលើសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ក្រោមការផ្ចុងផ្ដើមរបស់ប្រធានាធិបតីថ្មី លោក Rodrigo Duterte ត្រូវបានលោកហៅថាជាទង្វើដ៏ឆ្កួតលីលា ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏បាននិយាយបន្ថែមទៅវិញថា នៅមជ្ឈិមបូព៌ាមាន ស្ត្រី កុមារ និងមនុស្សចាស់ជាច្រើនដែលត្រូវគេស្លាប់ ទាំងដែល UN គ្មានឃើញហារម៉ាត់សូម្បីតែមួយម៉ាត់ផង ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-Moon និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានថ្កោលទោសសង្គ្រាមប្រឆាំងគ្រឿងញៀននោះថា ធ្វើឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់រឹតតែច្រើន តែលោក Duterte បាននិយាយជាសាធារណៈថា ខណៈដែល UN រិះគន់រដ្ឋបាលរបស់លោក ពិភពលោកទាំងមូលនៅតែរក្សាភាពស្ងៀមស្ងាត់ ចំពោះអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា ។

លោកថ្លែងថា “ឧទាហរណ៍ជាក់ស្ដែងគឺតំបន់មជ្ឈិមបូព៌ានោះតែម្ដង ។ នេះខ្ញុំមិនទាន់រិះគន់ UN ជាសាធារណៈទេ តែគេមិនបានរិះគន់ប្រទេសដែលកំពុងបំផ្ទុះភូមិស្រុក និងសហគមន៍ប្រជាជនឡើយ មនុស្សស្លាប់គ្រប់ទីកន្លែង សូម្បីតែឆ្កែ ពពែ និងគោក៏ងាប់តាមនឹងដែរ” ។

នាពេលថ្មីៗនេះ លោកបានប្រកាសជាឱឡារិកថា “វាពិតជាងាយស្រួលនឹងរិះគន់ណាស់ យើងជារដ្ឋាភិបាល ខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកបញ្ជាឲ្យមានសង្គ្រាមប្រឆាំងគ្រឿងញៀន ខ្ញុំក៏ជាអ្នកទទួលខុសត្រូវចំពោះរឿងនេះដែរ” ។

គួររម្លឹកបន្តិចថា កាលថ្ងៃទី២ ខែមិថុនា ពេលដែលលោកមិនទាន់ឡើងធ្វើជាប្រធានាធិបតី លោកក៏ធ្លាប់លើកឡើងពីករណីដែលអង្គការសហប្រជាជាតិ គ្មានលទ្ធភាពដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែរ ហើយលោកបានចោទ UN ថា មិនជួយការពារជនស្បែកខ្មៅនៅអាហ្វ្រិក ។

សូមបញ្ជាក់ថា UN ចង់ឲ្យហ្វីលីពីនមានការកាត់ទោស ស្របតាមផ្លូវច្បាប់ដល់អ្នកពាក់ព័ន្ធនឹងគ្រឿងញៀនទាំងនោះ ឲ្យត្រូវតាមស្តង់ដារអន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស តែលោក Duterte បានថ្លែងវិញថា “អ្នកទាំងនោះមិនសមជាមនុស្សទៀតទេ” ៕

ប្រភព៖ Kqube


Related Posts