មុន​នេះ​បន្តិច ! ចោរ​​ប្លន់​ហាងលក់​​ទូរស័ព្ទ​នៅ​ម្តុំ​ផ្សារ​ដើម​គរ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​បុរស​ម្នាក់​បាន​ចូល​ទៅ​ប្លន់​យក​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​៧​គ្រឿង​រួច​រត់​ចូល​ផ្សារ​នាគ​មាស​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​យីហោ លឹ​ម ហាវ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៧៨​អា ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 1J-5094 បាន​ជិះ​ចូល​ទៅ​ហាង​លក់​ទូរស័ព្ទ លឹ​ម ហាវ សួរ​រក​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង បន្ទាប់​ពី​សួរ​តម្លៃ​និង​តថ្លៃ​បាន​បន្តិច ស្រាប់តែ​បុរស​រូប​នោះ​បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់​ហាង​ឲ្យ​យក​បន្ថែម​៤​គ្រឿង​ទៀត សរុប​៧​គ្រឿង រួច​រត់​បម្រុង​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ហាង​ស្រែក​ចោរ​ៗ​ផ្អើល​ឆោ​ឡា​ ធ្វើ​ចោរ​នោះ​ភ័យ​ស្លន់ស្លោរ​ចោល​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ក្នុង​ផ្សារ​នាគ​មាស​បាត់​ស្រមោល ។

ប្រភព​ពី​បន្ត​ទៀត​ថា ទូរស័ព្ទ​ស៊េរី​ទំនើប​ទាំង​៧​គ្រឿង​នោះ​មាន​តម្លៃ​សរុប​ជិត​៣​ពាន់​ដុល្លារ ៕