OS បញ្ចូនអ្នកជំនាញជប៉ុន មកជួយបង្ហាត់គ្រូបង្វឹកកាយសម្ព័ន្ធកម្ពុជា

អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS) តាមរយៈ NOCC បានសម្រេចបញ្ចូនគ្រូជំនាញជនជាតិជប៉ុនលោក Munehiro Kugimiya មកជួយបង្ហាត់បង្ហាញ និងផ្តល់បទពិសោធផ្នែកបច្ចេកទេសដល់គ្រូបង្វឹក ជាសិក្ខាកាមរបស់កម្ពុជាចំនួន២៥នាក់(ស្រី៦នាក់) នៅក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វិកកីឡាកាយសម្ព័ន្ធ ដែលបានចាប់ដំណើរការ នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នឹងគ្រោងបញ្ចប់នៅល្ងាចថ្ងៃទី២៥ ខែសីហា ខាងមុខ។

cambo1

លោក Munehiro Kugimiya ដែលជាជំនួយការនៃក្រុមអ្នកជំនាញផ្នែកកាយសម្ព័ន្ធនៅសាកលវិទ្យាល័យ Teikyo University របស់ជប៉ុន ធ្លាប់បានបង្កើតស្នាដៃជាច្រើនឲ្យប្រទេសជប៉ុន តាមរយៈការឈ្នះមេដាយមាស នៅលើឆាកអន្តរជាតិ មុនពេលលោកបានក្លាយជាអ្នកជំនាញរបស់សហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ ហើយលោកបានជួយបណ្តុះបណ្តាលផ្នែកកីឡាកាយសម្ព័ន្ធនៅប្រទេសស្រីលង្ការ ពិសេសលោកបានជួយឲ្យប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាស នៅស៊ីហ្គេម ក្នុងប្រទេសសិង្ហបុរី កន្លងមកនេះ។

cambo2

លោក Munehiro Kugimiya បាននិយាយថា៖«នេះជាលើកទី១ហើយ ដែលខ្ញុំបានមកគ្រូជាគ្រូឧទ្ទេសនៅកម្ពុជា ហើយតាមរយៈវគ្គសិក្សានេះ ខ្ញុំនឹងធ្វើការចែករំលែកនូវបទពិសោធដល់គ្រូបង្វឹកកម្ពុជា ទៅលើបច្ចេកទេសនៃកីឡាកាយសម្ព័ន្ធ ហើយបើសិនជាយើងនៅតែបន្តអ៊ីចឹងរហូត ខ្ញុំមានជំនឿចិត្តថា កម្ពុជា នឹងមានឱកាសក្នុងការទទួលបានជោគជ័យ»។

ចំណែកលោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងថា៖«វគ្គសិក្សានេះវាសំខាន់ណាស់ ព្រោះយើងទាំងអស់គ្នាដឹងហើយថា រដ្ឋាភិបាលកម្ពុជា បានយល់ព្រមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះសហព័ន្ធជាតិទាំងអស់ដូចជា សហព័ន្ធកាយសម្ព័ន្ធ ដែរគឺត្រូវតែពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតនោះ»។

cambo3

លោកបានបញ្ជាក់ថា៖«ខ្ញុំបានប្រាប់គ្រូបង្វឹកទាំងអស់ ដែលបានចូលរួមក្នុងវគ្គសិក្សានេះថា ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតទៅលើអ្វីដែលជាគោលគំនិតរបស់អ្នកជំនាញជប៉ុនរូបនេះ ដែលគាត់ចង់ផ្តល់ឲ្យយើង ព្រោះវគ្គនេះសំខាន់បំផុត សម្រាប់ឆ្ពោះទៅការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣»៕

The post OS បញ្ចូនអ្នកជំនាញជប៉ុន មកជួយបង្ហាត់គ្រូបង្វឹកកាយសម្ព័ន្ធកម្ពុជា appeared first on CamboSport.