សង្គមស៊ីវិល​​រិះគន់​ក្រសួងពាណិជ្ជកម្មដែលលុបទិន្នន័យអំពីភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មធំៗ

សង្គមស៊ីវិលរិះគន់ក្រសួងពាណិជ្ជកម្មដែលលុបចោលទិន្នន័យ ឬព័ត៌មានអំពីភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មធំៗចេញពីគេហទំព័ររបស់ស្ថាប័នមួយនេះ។

មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលរឿងនេះចាត់ទុកការលុបចោលនូវទិន្នន័យនេះថា អាចជារឿងចង់លុបលាងនូវភស្តុតាងមួយចំនួនទាក់ទងនឹងរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ស្ដីពីការក្ដោបក្ដាប់មុខជំនួញធំៗរបស់ត្រកូល “ហ៊ុន” ដែលកំពុងមានភាពចម្រូងចម្រាស។

មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ការលុបចោលទិន្នន័យនេះ គឺក្រសួងកំពុងតែជួសជុល និងរៀបចំគេហទំព័រនេះឡើងវិញ ព្រមទាំងធ្វើឲ្យវាមានលក្ខណៈស្របច្បាប់។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា។ លោកមានប្រសាសន៍ថា ហេតុផលនេះពិបាកនឹងឲ្យសាធារណជនជឿទុកចិត្តបាន និងបានដាក់ចម្ងល់ជាច្រើន ដូចជាហេតុអ្វីបានជាគេហទំព័រនេះទើបនឹងមានបញ្ហា ឬចង់រៀបចំឡើងវិញនៅពេលនេះ៖ «យ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនគួរយកបញ្ហាហ្នឹងដើម្បីការពារត្រកូលមួយ ហើយព្យាយាមអនុវត្តថយក្រោយនូវការធានាឲ្យមានតម្លាភាពក្នុងធ្វើពាណិជ្ជកម្ម និងការប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញអ្នកវិនិយោគទុនដើម្បីអភិវឌ្ឍជាតិនោះទេ…»។

ការលុបទិន្នន័យក្រុមហ៊ុនសាជីវកម្មធំៗនេះ កើតឡើង ១ខែ ក្រោយពីអង្គការ Global Witness រកឃើញថា គ្រួសារត្រកូល “ហ៊ុន” បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន ១១៤ ផ្សេងទៀតនៅក្នុងប្រទេស។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះជាចំនួនទឹកប្រាក់ដែលដាក់ចេញអោយឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល “ហ៊ុន” ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម។

អង្គការ Global Witness អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ប៉ុន្តែមិនប្រកាសឲ្យដឹងដើម្បីឲ្យមានតម្លាភាព ហើយថែមទាំងប្រើឈ្មោះក្លែងក្លាយ និងជ្រកក្រោមផ្លាកក្រុមហ៊ុនផ្សេងៗ។

តាមសារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដីមន្ត្រីក្រសួងពាណិជ្ជកម្មនេះថា គេហទំព័រនេះមានភាពរអាក់រអួលក្នុងពេលបច្ចុប្បន្នដោយសារកំពុងជួសជុល។ ដំណើរការជួសជុល និងស្ថាបនាគេហទំព័រនេះចាប់ផ្ដើមជាងមួយឆ្នាំមកហើយ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មផ្លូវការណាមួយពីលោក ហ៊ុន សែន ចំពោះរបាយការណ៍របស់អង្គការ Global Witness នេះ ថាជារបាយការណ៍ពិត ឬមិនពិតយ៉ាងណាឡើយ។ ចំណែកពីខាងរដ្ឋាភិបាលវិញ ក៏មិនឃើញមានការស៊ើបអង្កេតចំពោះបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍នេះដែរ៕

ប្រភពៈ RFA


សង្គមស៊ីវិល​​រិះគន់​ក្រសួងពាណិជ្ជកម្មដែលលុបទិន្នន័យអំពីភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មធំៗ

គ្រាន់តែហាមពលរដ្ឋខ្មែរ កុំជួលដីនៅព្រំដែនឲ្យជនបរទេសគឺមិនទាន់គ្រប់គ្រាន់ទេ!

សង្គមស៊ីវិល​​រិះគន់​ក្រសួងពាណិជ្ជកម្មដែលលុបទិន្នន័យអំពីភាគហ៊ុនរបស់ក្រុមហ៊ុនអាជីវកម្មធំៗ

ក្រោយរឿងអាស្រូវកូនស្រីបែកធ្លាយ លោក អូបាម៉ា សម្រេចចិត្តនាំកូនស្រី…