ស្រីមុំ​៖ លោក ប៉ា ងួនទៀង ឆ្លើយ​ប្រាប់​តុលាការ​ថា «​មិន​ចាំ​» តែ​តុលាការ​ថា ចម្លើយ​មាន​ប្រយោជន៍​ និពន្ធដោយ : ម៉ៅ សុផា       August-18-2016, 3:02 pm         386

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្រីមុំ​៖ លោក ប៉ា ងួនទៀង ឆ្លើយ​ប្រាប់​តុលាការ​ថា «​មិន​ចាំ​» តែ​តុលាការ​ថា ចម្លើយ​មាន​ប្រយោជន៍​​ភ្នំពេញ​៖ ចៅ​ក្រោម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចំណាយពេល​ប្រហែល​កន្លះ​ម៉ោង ដើម្បី​សាកសួរ​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ VOD ជុំវិញ​រឿងរ៉ាវ​របស់ កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ តុលាការ សង្ស័យ​លោក ប៉ា ងួនទៀង អាច​ជាប់​ព័ន្ធ​ក្នុងករណី​ឯកឧត្តម កឹម សុខា​។

​ក្រោយ​ចាក​ចេញពី​តុលាការ​រាជធានី​ភ្នំពេញ លោក ប៉ា ងួនទៀង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចៅក្រម​ស៊ើបសួរ បាន​សួរ​លោក នូវ​សំនួរ​ចំនួន​៣​សំខាន់ៗ ទាក់ទង​នឹង​រឿងរ៉ាវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ លោក​លើកឡើង​ពី​សំណួរ​ទាំង​៣ ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មានបាន​រៀបចំ​ឲ្យ​លោក នី ចរិយា ជួប​ជាមួយនឹង​កឹម សុខា អត់​? ខ្ញុំ​មានបាន​ហៅ​ទូរ​សព្ទ ទាក់ទង​ជាមួយ​លោកស្រី ទ្រី ឈួន ដែលជា​មេធាវី របស់​ស្រីមុំ អត់​? ហើយ​ខាង​VOD  មានបំណង​ហៅ​ស្រីមុំ មក​ធ្វើជា​វាគ្មិន អត់​? ចំណុច​សំខាន់ៗ​៣​ហ្នឹង​»​។​

​នៅពេល​អ្នកសារព័ត៌មាន សួរថា​បន្ថែមថា តើ​លោក​បដិសេធ​ចំពោះ​សំនួរ​ខាងលើ ឬ​យ៉ាងណា លោក ប៉ា ងួនទៀង គ្រាន់តែ​បញ្ជាក់ថា លោក ជា​អ្នកសារព័ត៌មាន ហើយ​មាន​ការងារ​ច្រើនណាស់​ដែល​ត្រូវធ្វើ ដូច្នេះ​លោក មិន​ចាំ​ថា ខ្លួន​បាន​ប្រព្រឹត្ត​ពិតមែន ដូច​ទៅនឹង​អ្វី ដែល​ចៅក្រម​ស៊ើបសួរ លើក​ជា​សំនួរ​ឡើង នោះទេ​។  លោក​បញ្ជាក់​បែបនេះ​ថា​៖ «​ដោយសារ​ខ្ញុំ ជា​អ្នកសារព័ត៌មាន ហើយ​ខ្ញុំ វា​រឿង​ច្រើនពេក ខ្ញុំ​អត់​ចាំ​។ អត់​ចាំ​ថា វា​មាន​ករណី​អ៊ីចឹង​មែន ឬ​អត់​»​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក លី សុផាន់​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការសាកសួរ​លើ​លោក ប៉ា ងួនទៀង បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កា​រសើប​សួរ ហើយ​ចៅក្រម​សម្រេច​នឹង​បន្ត​នីតិវិធី​ស៊ើបសួរ ក្នុង​សំណុំ​រឿងនេះ​បន្តទៀត ។ តែ​លោក មិនអាច​បញ្ជាក់​ពី​ចំណាត់ការ​ស៊ើបសួរ​បាន​នោះទេ​។​

​សំណុំរឿង​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា នេះហើយ ដែល​បណ្តាល​ឲ្យ​លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គជប និង​មន្ត្រី​អាដហុក​៤ រូប​ទៀត គឺ​លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី រង​ការ​ការចោទប្រកាន់​ពី​តុលាការ​។ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» រីឯ​មន្ត្រី​អាដហុក​ទាំង​៤​រូប ជាប់​ពីបទ «​សូកប៉ាន់​សាក្សី​»​។

​បន្ទាប់មក អ្នក​ទាំង​៥​ខាងលើ ក៏​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ។ បើតាម​ការចោទប្រកាន់​របស់​តុលា​ការជាន់​ទាប អ្នក​ទាំង​៥​ខាងលើ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕