កូរ៉េ​ខាងជើង​អះអាង​ពី​ការ​ផលិត​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ឡើង​វិញ

វិទ្យាស្ថាន​ថាមពលបរមាណូ​កូរ៉េ​ខាងជើង​អះអាង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ថា កូរ៉េ​ខាងជើង​បាន​ផលិត​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ឡើង​វិញ ហើយ​ពុំ​មាន​បំណង​ឈប់​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ឡើយ បើ​ដរាបណា​សហរដ្ឋ​អា​េ​ម​រិ​ក​បន្ត​គំរាមកំហែង​ខ្លួន ។

វិទ្យាស្ថាន​ថាមពលបរមាណូ​កូរ៉េ​ខាងជើង ដែល​ត្រួតត្រា​ប្លុក​ទីតាំង​នុយក្លេអ៊ែរ YONGBYON ជាទី​តាំង​នុយក្លេអ៊ែរ​សំខាន់​របស់​ប្រទេស បាន​ផលិត​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ជា​ថ្មី​សំដៅ​ផលិត​អាវុធ និង​ថាមពលនុយក្លេអ៊ែរ​ដូច​ការ​គ្រោងទុក ។

ក្នុង​បទ​សម្ភាសន៍​ជា​លាយលក្ខណ៍អក្សរ​មួយ​ជាមួយ​ក្យូ​ដូ​វិទ្យាស្ថាន​នេះ​គូសបញ្ជាក់​ថា យើង​បាន​ធ្វើការ​ចម្រាញ់​ឡើង​វិញ​គ្រឿង​ឆេះ​នុយក្លេអ៊ែរ ដែល​យក​ចេញពី​រេ​អាក់​ទ័​រ​មួយ ។ ទោះបី​យ៉ាងណា​វិទ្យាស្ថាន​នេះ​ពុំ​បញ្ជាក់​ពី​ទំហំ​នៃ​ការ​ផលិត​ឡើយ ។

ពេល​ទីតាំង​នុយក្លេអ៊ែរ YONGBYON ដំណើរការ​ពេញទំហឹង​នឹង​អាច​ផលិត​ផ្លុ​យ​តូ​នី​ញ៉ូ​ម​បាន​ប្រមាណ​ជា​៦​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ជា​បរិមាណ​មួយ​គ្រប់គ្រាន់​សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន​មួយ​គ្រាប់ ឬ​២​គ្រាប់ ។

រេ​អាក់​ទ័​រ​កម្លាំង​៥​មេ​ហ្គា​វ៉ា​ត់នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ YONGBYON បាន​បិទ​កាលពី​ឆ្នាំ​២០០៧ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​មួយ​ជា​ថ្នូរ​នឹង​ជំនួយ​មនុស្សធម៌ ក៏​ប៉ុន្តែ​កូរ៉េ​ខាងជើង​ចាប់ផ្តើម​ការងារ​កែប្រែ​ឡើង​វិញ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៣​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៣ ។

កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​មកនេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ ដោយ​ប្រកាស​ពី​ការ​ធ្វើ​ឱ្យ​ផ្ទុះ​ជា​លើក​ដំបូង​នូវ​គ្រាប់បែក​អុ​ី​ដ្រូ​ហ្សែ​ន​របស់​ខ្លួន​ដែល​ខ្លាំង​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ធម្មតា ។

វិទ្យាស្ថាន​កូរ៉េ​ខាងជើង​នេះ​ពុំ​បដិសេធ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ឯទៀត​ៗ បើ​ដរាបណា​សហរដ្ឋ​អា​េ​ម​រិ​ក​បន្ត​គំរាមកំហែង​ជាមួយ​អាវុធ​នុយក្លេអ៊ែរ ៕