៣​ចំណុច​ត្រូវ​គិត មុន​ចាប់​ផ្ដើម​អាជីវកម្ម ពី​អ្នក​ជំនួញ ជា សុផល្លា

ការ​ធ្វើ​ជំនួញ មិន​មែន​ងាយ​ស្រួល​ឡើយ ព្រោះ​ពេល​ខ្លះ​អាច​ប្រថុយ​ហានិភ័យ​ច្រើន ដូច​ពាក្យ​មួយ​ឃ្លា​ថា “មួយ​ចាន​គោក មួយ​ចាន​ទឹក”។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​ដាច់​ចិត្ត​ថា​នឹង​ចាប់​ផ្ដើម​អាជីវកម្ម គួរ​គិត​លើ​ចំណុច​សំខាន់៣ ដែល​លើក​ឡើង​ដោយ​អ្នក​ស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Emerald+។

 

៣​ចំណុច​ត្រូវ​គិត មុន​ចាប់​ផ្ដើម​អាជីវកម្ម ពី​អ្នក​ជំនួញ ជា សុផល្លា

 

ទី១៖ បើ​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន ត្រូវ​ដឹង​ថា​គោល​បំណង​ចង់​ធ្វើ​អាជីវកម្ម​អ្វី ហើយ​អាជីវកម្ម​ទាំង​នោះ​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ហើយ​នៅ? ​

 

ទី២៖ តើ​រៀប​ចំ​ខ្លួន​ឯង​ហើយ​ឬ​នៅ? ​ត្រង់​ចំណុច​នេះ​គឺ​សំដៅ​លើ​ពេល​វេលា… ត្រូវ​គិត​ថា​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​អាជីវកម្ម​ដែរ​ឬ​ទេ? ព្រោះ​ដំណាក់​កាល​ដែល​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម គឺ​ជា​ដំណាក់កាល​ដែល​ពិបាក​បំផុត។ ត្រូវ​រៀប​ចំ​តាំង​ពី​ធនធាន​មនុស្ស រៀប​ចំ​ពី​ក្រុមហ៊ុន ឈ្មោះ​របស់​ក្រុមហ៊ុន រចនាសម្ព័ន្ធ និង​រឿង​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ អ្វី​ដែល​សំខាន់ គឺ​មាន​ថវិកា​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​នោះ​រស់រាន​មាន​ជីវិត និង​ដំណើរ​ការ​បាន​ស្រួល។

 

ទី៣៖ តើ​មាន​ផែនការ​ហើយ​ឬ​នៅ? មាន​ន័យ​ថា ការ​រៀប​ចំ​យុទ្ធសាស្ត្រ ទាំង​ផែនការ​ទីផ្សារ ផែនការ​លក់ ផែនការ​គ្រប់​គ្រង​អាជីវកម្ម បាន​ល្អ​ឬ​នៅ? ចំណុច​ទាំង​អស់​នេះ​ហើយ បើ​គិត​ថា​អាច​រៀប​ចំ​បាន​ល្អ នោះ​អ្នក​ចង់​ធ្វើ​ជំនួញ​ទាំង​ឡាយ នឹង​ទទួល​បាន​ជោគជ័យ។

 

​ចំពោះ​អ្នក​ស្រី ជា សុផល្លា ផ្ទាល់ មុន​ឈាន​ដល់​ចំណុច​នេះ ក៏​ធ្លាប់​ឆ្លង​កាត់​ការ​តស៊ូ​ជា​ច្រើន​​រាប់​មិន​អស់​ផង​ដែរ។ អ្នក​ស្រី ត្រូវ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដែល​មនុស្ស​ប្រុស​ធ្វើ ព្រោះ​ដើម្បី​ជោគជ័យ​មុន​ក្លាយ​ជា​សហគ្រិន​ម្នាក់។ ការ​ព្យាយាម​ដើរ​តួនាទី​ជា​មេ​ផង ជា​កូន​ចៅ​ផង គឺ​អ្នក​ស្រី​ធ្លាប់​ឆ្លង​កាត់​ទាំង​អស់។

 

ជា​សហគ្រិន​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ច្រើន អ្នក​ស្រី ជា សុផល្លា បាន​បង្ហាញ​ផ្លូវ​ឲ្យ​អ្នក​ចង់​ចាប់​ផ្ដើម​ជំនួញ​ក្រោយ​ៗ​ទៀត គិត​ខ្លាំង​ទៅ​លើ​ដើម​ទុន ព្រោះ​វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ លើស​ពី​នេះ ត្រូវ​មាន​ភាព​ជឿ​ជាក់​ទៅ​លើ​ដៃគូ ទើប​អាច​ដំណើរ​ការ​រលូន​ទៅ​មុខ៕

 

 

អត្ថបទ៖ គង់ វិសាល