ផ្អើលឆោឡោ! អត់​ឃើញ​កូន​នៅ​សាលាមត្តេយ្យ​​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​​២០១៦ មានការ​ភ្ញាក់ផ្អើល​មួយនៅសាលាម​ត្តេ​យ្យសិក្សា​សូភី ខណៈ​​ឪពុក​ម្តាយ​មក​ទទួល ស្រាប់តែមិន​​ឃើញ​​កូន​​​ស្រីចំនួន​​​២​នាក់ ម្នាក់​អាយុ​៥​ឆ្នាំ និង​ម្នាក់​អាយុ​៦​ឆ្នាំ ​ផ្អើលទាំង​​គ្រូ​ប្រចាំ​ថ្នាក់ ទៀត ។​

ទន្ទឹម​នោះ ​​ក្រោយ​ពី​​នគរ​បាន​ទទួល​​ព័ត៌មាន លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​បាន​ចាត់​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ និង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កម្លាំង​នគរបាល​អន្តរាគមន៍ ចុះ​ធ្វើការ​ស្រាវជ្រាវ​រុក​គ្រប់​ទីកន្លែង ។

ទីបំផុត ស្រាប់តែ​ក្មេង​ស្រី​ទាំង​២​នាក់​បាន​ទៅ​ដល់​ផ្ទះ​វិញ​ ដោយ​មាន​អ្នក​ម៉ូតូឌុប​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឌុ​ប​​ពួក​គេ (ក្មេង ស្រីទាំង២នាក់) ​ទៅ​ទុក​នៅ​ផ្លូវ​ចូល​​​ផ្ទះ​ក្មេង​ស្រី​ម្នាក់ ​ដែល​មានឈ្មោះ​ឡឹ​ក រ៉ូ​ឌី អាយុ​៥​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​ ចំណែក​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ហេង សោភា អាយុ​៦​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

​បើ​តាម​ការ​រៀបរាប់​​​ឪពុក​ម្តាយ​កុមារី​ឈ្មោះ​ឡឹ​ក ​រ៉ូ​ឌី និង​ម្តាយ​កុមារី​ឈ្មោះ​ហេង សោភា បាន​និយាយ​ថា​ ជា​រៀងរាល់ថ្ងៃ​ ពួក​គាត់​តែងតែ​ទៅ​យក​កូន​ពេល​ចេញពី​សាលា ។ ​​ថ្ងៃនេះ​ពេល​ទៅ​ទទួល មិនឃើញ​កូន ​ពួក​គាត់​ក៏​ផ្អើល​ឆោឡោ ប្តឹង​ដល់​សមត្ថកិច្ច​នាំ​គ្នា​ដើរ​រក​គ្រប់​ទីកន្លែង​ទាំង​ទឹកស្ទឹង​ និង​សាលា​ផង​ដែរ ។ រយៈពេល​ជាង​១​ម៉ោង ទើប​ទទួល​ដំណឹង​ថា ​ក្មេង​ទាំង​២​នាក់ ​មាន​គេ​ឌុ​ប​ទៅ​ទុក​ផ្លូវ​ចូល​ផ្ទះ​របស់​កុមា​​រី​ឡឹ​ក រ៉ូ​ឌី ។

សមត្ថកិច្ច​ ក៏​ដូច​ជា​ឪពុក​ម្តាយ​កុមារី​ នាំ​គ្នា​មក​ពិនិត្យ​មើល ​ស្រាប់​ឃើញ​ទាំង​២​នាក់​នៅ​នឹង​ផ្ទះ​នោះ​មែន ទើប​ពួក​គាត់​ជា​អាណា​ព្យា​បាល​​មាន​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ​ ។​ ​ជាមួយ​គ្នា​នោះ​ដែរ ​​ឪពុក​កុមារ​រី​​ឈ្មោះ​ឡឹ​ក រ៉ូ​ឌី បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល ​ដែល​បាន​យកចិត្តទុកដាក់​ស្វះស្វែង ដុតដៃដុតជើង​ពេល​ដែល​ទទួល​ព័ត៌មាន​ពី​គាត់ ពិសេស​គឺ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ។

បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ​មាន​បាត់​ក្មេង​ស្រី​សិស្សសាលា​២​នាក់ លោក​បាន​ចាត់តាំង​កម្លាំង ដើម្បី​ធ្វើ​ការ​ស្រា​ជ្រាវ ​និង​ជួយ​អន្តរា​គមន៍​រុករក​គ្រប់កន្លែង រហូត​រូប​គាត់​បាន​ទទួល​ដំណឹង​ថា​កូន​ៗ​របស់​គាត់​នៅ​ដល់​ផ្ទះ​ទាំង​២​នាក់ ក្នុង​ចិត្ត​របស់​គាត់​រំភើប​យ៉ាង​ខ្លាំង​។