​គ្មាន​​​អ្នក​ហាម​​ផង​ លក់ម៉ាសប្បាយ

ខេត្តបាត់ដំបង ​៖ សាច់សត្វ​ព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ​ត្រូវ​ឈ្មួញ​ដាក់​តាំង​លក់​ដោយ​ចំហរ​នៅ​ទីប្រជុំជន​មួយ​កន្លែង​ ត្រង់​ចំណុចផ្លូវ​អក្សរ​«​តេ​» ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ឡើយ ។ បើ​ទោះ​ជា​​​​ដឹង​ថា ការ​ជួញដូរ​សត្វព្រៃ​នេះ ជា​ទ​ង្វើ​បំពាន​ច្បាប់​ក្ដី ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​ប្រជា​ពលរ​ដ្ឋនៅ​ក្នុងស្រុក​សំឡូត​។

ប្រភព​ឱ្យ​​ដឹង​ថា ពលរ​ដ្ធ និង​មន្ត្រី​យោធា​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំឡូត កំពុង​ក្លាយជា​ព្រានព្រៃ​យ៉ាង​សកម្ម​ ក្នុង​ការ​ប្រ​មា​ញ់​សត្វព្រៃ នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងស្រុក​សំឡូត ដោយ​គ្មាន​ការ​ទប់ស្កាត់​ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច ​ឬ​មន្ត្រី​ពាក់ព័ន្ធ​ឡើយ​ ។ ប្រភព​ដដែល​​បន្ត​ថា សាច់សត្វ​ព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ត្រូវ​ឈ្មួញ​ដាក់​តាំង​លក់​ជា​រៀងរាល់ថ្ងៃ​នៅ​ទីប្រជុំជន ត្រង់​ចំណុច​អក្សរ​«​តេ​» ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ជាប់​ព្រំប្រទល់​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ​ ។

ប្រភព​នេះ​បញ្ជាក់​​ថា ក្នុង​ចំណោម​តូប​ចំនួន​២ ដែល​លក់​សត្វព្រៃ​ជា​ប្រចាំ​នេះ គឺ​មាន​តូប​មួយ​ជា​របស់​ភរិយា​មន្ត្រី​នគរបាល​ម្នាក់ នៅ​ឃុំ​កំពង់​ល្ពៅ​នេះ​តែ​ម្ដង ដែល​លក់​សត្វព្រៃ​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ ។ ពលរដ្ឋ​​នៅ​ចំណុច​ផ្សារ​អក្សរ​ «​តេ​» ​ខាងលើ​នេះ​ បាន​ប្រាប់​ថា  អ្ន​កដំណើរ​ដែល​ឆ្លងកាត់​ទីប្រជុំជន​ចំណុច​អក្សរ​«​តេ​» គេ​នឹង​ប្រទះ​ឃើញ​តូប​លក់​សត្វព្រៃ​២​កន្លែង​នៅ​ក្បែរ​គ្នា ដែល​តូប​មួយ​កន្លែង​ជា​របស់​ភរិយា​មន្ត្រី​នគរបាល និង​មួយ​កន្លែង​ទៀត​ ជា​របស់​ឈ្មួញកណ្ដាល​ ។

ប្រភព​ដដែល​បញ្ជាក់​ថា ថ្ងៃ​ខ្លះ​គេ​ឃើញ​សត្វព្រៃ​គ្រប់​ប្រភេទ​ត្រូវ​គេ​ចង​ព្យូ​រ​ពេញ​តូប​លក់ តែ​ថ្ងៃ​ខ្លះ​គេ​ដាក់​បង្ហាញ​តិចតួច ព្រោះ​សាច់​មួយ​ចំនួន ​ត្រូវ​គេ​ដាក់​ក្នុង​ធុង​ក្លា​ស្សេ​ ។ ប៉ុន្តែ​បើ​អតិថិជន​ត្រូវការ គេ​នឹង​យក​សាច់​សត្វព្រៃ​ទាំងនោះ​ មក​បង្ហាញ​ភ្លាម ​។ សត្វព្រៃ​ដែល​ឈ្មួញ​ដាក់​លក់​មាន​ដូច​ជាសត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស សត្វ​កាំ​ប្រ​ម៉ា សត្វ​ត្រ​គួ​ត​ជាដើម​។​ល​។

ស្ត្រី​ម្នាក់​ដែល​កំពុង​ឈរ​លក់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​អក្សរ ​«​តេ​»​នេះ បាន​និយាយ​បណ្ដើរ ភ្លាស់​សាច់​ជ្រូកព្រៃ​លក់​ឲ្យ​អ​តិ​ថិ​ជន​បណ្ដើរ​ថា ខ្លួន​បាន​ទិញ​សត្វព្រៃ​ទាំងនោះ​​រាល់ថ្ងៃ​ពី​ព្រានព្រៃ​នៅ​តំបន់​នោះ​។ ព្រានព្រៃ​តែង​ដឹក​សត្វព្រៃ​ទាំងនោះ​ មក​លក់​ឲ្យ​គាត់​រាល់​ព្រឹក តែ​គាត់​មិនដឹង​ថា ក្រុម​ព្រាន​ទាំងនោះ​ រកបាន​ពី​ខាង​ណា​មក​ខ្លះ​នោះ​ទេ​ ។ គាត់​គ្រាន់តែ​ដឹង​ថា ភាគច្រើន គឺ​គេ​ដាក់​អន្ទាក់ ឬ បរ​បាញ់​បាន​នៅ​ពេល​យប់​ ។

ពេល​សួរនាំ​អំពី​បញ្ហា​ផ្លូវច្បាប់​វិញ ស្ត្រី​រូប​នេះ ​ហាក់​មានការ​រារែក​ក្នុង​ការ​ឆ្លើយ​តប តែ​គាត់​និយាយ​បែប​លាក់លៀម​ថា «​សមត្ថកិច្ច​គេ​ហាមប្រាម​ខ្លះ​ៗ​ដែរ តែ​ពេល​ខ្លះ​ក៏​ត្រូវ​ចំណាយ​លុយ ឬ​ផ្ដល់​ជា​សាច់​ឱ្យគេ​ធ្វើ​ម្ហូប​ខ្លះទៅ ដើម្បី​បាន​សុខ​.. តែ​យូរ​ៗ​ម្ដង​..»​។

សូម​បញ្ជាក់​ថា នៅ​ចំណុច​​ទីប្រជុំជន​អក្សរ​ «​តេ​» ​នេះ គឺជា​ព្រំប្រទល់​រវាង​ឃុំ​ដូច​បា ស្រុក​គាស់​ក្រឡ និង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ជា​ច្រក​សេ​ដ្ឋកិច្ច​​ដ៏​សំខាន់​រវាង​ស្រុក​ទាំង​២ ហើយ​ក៏​ជា​ច្រក​ដ៏​សំខាន់ សម្រាប់​ឈ្មួញ​រត់ពន្ធ​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ដែរ​ ។

បើ​តាម​ការ​កត់សម្គាល់ បច្ចុប្បន្ន ​ក្រុម​ឈ្មួញ​ដែល​រត់ពន្ធ​បទល្មើស​ព្រៃឈើ តាម​រយៈរថយន្ត​ប្រភេទ​យី​ឌុ​ប ឬ​រថយន្ត​ស៊េរី​ទំនើប​ៗ​គឺ​តែងតែ​ឆ្លងកាត់​ផ្លូវ​អក្សរ ​«​តេ​» ​នេះ​។ ឈើ​ទាំងនោះ​ភាគច្រើន​ក្រុម​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ «​ចង្អៀត​» ​ពី​ទឹកដី​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ចូល​តាម​ផ្លូវ​វាល​ចម្បាំង ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។