ព្រៃផ្សៃ​ណាស់ ! ព្រួត​គ្នា​វាយ​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ត្រូវ​ជន​មួយ​ក្រុម​ព្រួត​គ្នា​វាយ​នឹង​ព្រនង់​បែកក្បាល​ហូរ​ឈាម​រហូត​ស្លាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​សិប្បកម្ម​ឡឥដ្ឋ​ឈ្មោះ ហេង សំបូរ ហៅ លី​ម ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ណំ លី​ម​ហុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​រកា​ឃ្មួ​ច​ត្បូង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​បណ្តាល​ឲ្យ​ឈាម​ហូរ​ស្រោច​ក្បាល​រហូត​សម្លាប់ ពេល​កំពុង​ដើរ​តាម​ផ្លូវ ដំបូង​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​ជន​ដៃដល់​ឡើយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ទៅ​ជា​បន្ទាន់​ពិនិត្យ​សព និង​សួរនាំ​សាក្សី​នៅ​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ពី​មូលហេតុ ។

លោក​អធិការរង​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ថ្ងៃ​សែន​ក្បាលទឹក​មាន​កម្មករ​ឡឥដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ផឹកស៊ី​ជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ រហូត​ដល់​វេលា​ម៉ោង​៧​យប់ ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​៣​នាក់ បាន​ត្រឡប់​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​ទៀត ពេល​មក​ដល់​ក៏​បាន​រករឿង​ដល់​ជន​រង​គ្រោះ ព្រោះតែ​ខឹង​រឿង​ជេរ​ប្រពន្ធ​របស់​គេ​រឿង​លេងបៀ​កាលពី​ថ្ងៃ​កន្លង​ទៅ ។ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​បាន​យក​កាំបិត​មក​បម្រុង​កាប់​ក្រុម​នោះ​ទើប​បណ្ដាល​ឲ្យ​ក្រុម​នោះ​ផ្ទុះ​កំហឹង​ព្រួត​គ្នា​វាយ​រង​គ្រោះ​យ៉ាង​ចាស់ដៃ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។

ក្រោយ​ពី​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​យប់​បាន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ លី យ៉ា​ស់​យ៉ា​សកម្ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​ឈ្មោះ នូ សុ​ផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​ថា អ្នក​ដែល​ស្លាប់​នោះ​បាន​យក​កាំបិត​ប៉ង​កាប់​ពួក​គេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាំងពី​យប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨​សីហា នៅ​តែ​រក​មិនឃើញ​កា​បិត​ផ្គាក់​នោះ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕