រាប់អាន​គ្នា​ជា​ម្តាយធម៌​កូនធម៌ ចុង​ក្រោយ​អស់​ជាង​១​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​បាន​ក្លែងខ្លួន​ជា​គ្រូទាយ និង​បាន​រាប់អាន​ជាមួយ​បុរស​ម្នាក់​ជា​ម្តាយធម៌​កូនធម៌​ រួច​ប្រើ​ល្បិច​បោកប្រាស់​ប្រាក់​​អស់​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​គ​របាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ។

សង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ម្នាក់​ឈ្មោះ គង់ សំអាត អាយុ​៥៥​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឆាយ សុ​ផ​ន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា​ឡៅ​២ ឃុំ​អន្លង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ គ្រូទាយ​បោក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់​ឡាក់​គី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវភ្លោះ​លេខ​២១៤ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះជា​កូនធម៌​ឈ្មោះ សូ​ឡៃ​ម៉ា​ន់​អ៊ី​ប្រ​ហ៊ី​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្លា ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ សូម​បញ្ជាក់​ថា ឪពុក​ម្តាយធម៌​លេង​មួយ​ក្បាច់ កូនធម៌​បះសក់

នៅ​ក្នុង​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ​២នាក់​ប្ដី​ប្រពន្ធ​បាន​ក្លែងខ្លួន​ធ្វើ​ជា​គ្រូទាយ និង​បាន​រាប់អាន​គ្នា​ម្តាយធម៌​កូនធម៌ ហើយ​ក៏​បាន​ទាយ​ឲ្យ​ជន​រង​គ្រោះ លក់​ត្រាក់ទ័រ​ចេញ​ទើប​រកស៊ី​មានបាន ។ ដោយសារ​តែ​ជំនឿ និង​ការ​ប៉ិន​ប្រសប់​ខាង​បោក ជន​រង​គ្រោះ​ក៏​បាន​សម្រេច​លក់​ត្រាក់ទ័រ​តាម​គ្រូទាយ​នោះ​បាន​ប្រាក់​១​ម៉ឺន​៤​ពាន់​ដុល្លារ បន្ទាប់​មក​ជនសង្ស័យ​ក៏​ប្រើ​ល្បិច​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ទុក​នៅ​គាត់ ដើម្បី​ធ្វើ​មន្ត​រំដោះគ្រោះ និង​យក​ទៅ​ប្រកប​មុខរបរ​ជួញដូរ​មាន​(​ហុងស៊ុយ​) ។ លុះ​ក្រោយមក​ជន​រង​គ្រោះ​ត្រូវការ​លុយ​ក៏​បាន​ទារ​យក​ប្រាក់​វិញ តែ​ជនសង្ស័យ​មិន​ព្រម​សង រួច​បាន​ព្យាយាម​គេចខ្លួន​មក​ស្នាក់​នៅផ្ទះ​សំណាក់​ឡាក់​គី តាម​បណ្ដោយ​ផ្លូវ​២១៤(​ផ្លូវភ្លោះ​) ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស៊ើបរក​ទីកន្លែង​ដែល​ជនសង្ស័យ​លាក់ខ្លួន​ឃើញ ជនសង្ស័យ​ក៏​បាន​សង​២​ពាន់​ដុល្លារ​សិន រួច​ធ្វើ​កិច្ចសន្យា​ថា នឹង​សង​ឲ្យ​គ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ក្នុង​កិច្ចសន្យា ជនសង្ស័យ​នៅ​តែ​មិន​ព្រម​សង ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ព្រលិត ដើម្បី​នាំ​ខ្លួន​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ តាម​ការ​ឲ្យ​ដឹង ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​មិនមែន​បោក​តែ​ជន​រង​គ្រោះ​នេះ​ម្នាក់​ទេ អាច​មាន​ច្រើន​ទៀត ព្រោះ​ជនសង្ស័យ​ដើរ​ឆបោក​គ្រប់​ទីកន្លែង​តាម​បណ្ដា​ខេត្ត ៕