របៀបទទួលទានកាហ្វេ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ចំពោះសុខភាព!

កាហ្វេមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដោយអាស្រ័យទៅលើរបៀបដែលអ្នក ទទួលវា។ អ្នកញៀនកាហ្វេមួយចំនួនអាចនឹងមានអារម្មណ៍ថា ប្រសិនបើមិនបាន ផឹកកាហ្វេមួយថ្ងៃគឺមានអាការឈឺក្បាល ឬអស់កម្លាំងយ៉ាងខ្លាំង។ មានអ្នកខ្លះទៀត ញៀនកាហ្វេខ្លាំងមែនទែនរហូតដល់ទៅផឹក៣កែវក្នុងមួយថ្ងៃក៏មាន។ ទាំងនេះជា មូលហេតុធ្វើឱ្យគេងមិនលក់ ខ្សោយបញ្ញា ស្មារតីមិននៅនឹងខ្លួន ថាមពលថយចុះ ជាដើម។ ដូច្នេះដើម្បីកាត់បន្ថយនូវផលប៉ះពាល់ពីកាហ្វេអ៉ីនទាំងនេះចំពោះសុខភាព ខ្មែរឡូតសូមចែករំលែកការទទួលទានកាហ្វេ៧យ៉ាង មកផ្ញើប្រិយមិត្តទាំងអស់គ្នាដូចតទៅនេះ៖

១. គួរធ្វើការសង្កេត និងកត់សម្គាល់ទៅលើខ្លួនឯងថា តើមានការប្រែប្រួល ឬផ្លាស់ប្តូរ យ៉ាងណាខ្លះនៅពេលដែលទទួលទានកាហ្វេ ឬក៏តើខ្លួនឯងផឹកកាហ្វេបានប៉ុន្មានកែវ ទើបរាងកាយអាចមានសភាពខុសប្រក្រតី? ឧទាហរណ៍ថា៖ បើអ្នកផឹកកាហ្វេលើសពី ២កែវនៅក្នុងមួយថ្ងៃធ្វើឱ្យមានអារម្មណ៍ថាវិលមុខ ធីងធោង មិនស្រឡះនៅក្នុងខ្លួន ជាដើម។ ដូច្នេះដើម្បីរក្សាសុខភាពដោយមិនធ្វើឱ្យកាហ្វេមកបំផ្លាញខ្លួនឯង គួរកុំផឹកកាហ្វេលើសបរិមាណដែលរាងកាយអ្នកបានកំណត់។

២. ប្រសិនបើមានអាការគេងមិនលក់ ត្រូវចៀសវាងការផឹកកាហ្វេនៅក្នុងពេល រសៀល ឬពេលព្រលប់។

៣. កុំផឹកកាហ្វេពេលពោះនៅទទេ ព្រោះដោយសារតែជាតិកាហ្វេអ៉ីនវានឹងជួយ ពន្លឿនការបញ្ចេញអាស៊ីតនៅក្នុងក្រពះច្រើនជាងធម្មតា។

៤. មិនគួរផឹកកាហ្វេច្រើនហួសហេតុពេក កំឡុងពេលកំពុងធ្វើការនោះទេ ឬប្រើកាហ្វេ ជាជំនួយស្មារតីកុំឱ្យងងុយគេង ក្នុងរយៈពេលច្រើនយប់ជាប់ៗគ្នា ព្រោះថាខួរក្បាល មិនមែនជាម៉ាស៊ីនទេ វាក៏ត្រូវការការសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនការចងចាំ ដូចគ្នាដែរ។

៥. ប្រសិនបើអ្នកជាអ្នកផឹកកាហ្វេជាប្រចាំ គួរបរិភោគអាហារដែលជាប្រភពសម្បូរ ជាតិកាល់ស្យូមបន្ថែមផងដូចជា ទឹកដោះគោ ទឹកដោះគោជូរ ត្រីគ្រប់ប្រភេទ ខាត់ណា ជាដើម ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ នៃជាតិកាល់ស្យូមដែលបានបាត់បង់ តាមរយៈការបន្ទោបង់ចោលតាមទឹកនោម និងជួយកាត់បន្ថយហានិភ័យនៃការកើត ជម្ងឺពុកឆ្អឹង ឬក៏អាចឆុងកាហ្វេជាមួយទឹកដោះគោផង ដើម្បីបន្ថយនូវសារធាតុមិនល្អ នានានៅក្នុងកាហ្វេ។

៦. គួរបរិភោគបន្លែ និងផ្លែឈើឱ្យបានគ្រប់គ្រាន់ ជារៀងរាល់ថ្ងៃ ព្រោះការផឹក កាហ្វេនឹងធ្វើឱ្យមានសារធាតុអុកស៊ីតកម្មកើតឡើងខ្លាំង ប៉ុន្តែវីតាមីនC វីតាមីនE និងបេតាការ៉ូទីនដែលមាន នៅក្នុងបន្លែផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត បន្លែស្លឹកបៃតង ក្រូច ត្របែកជាដើម នឹងជួយលុបបំបាត់រ៉ាឌីកាល់សេរីក្នុងរាងកាយប្រឆាំង នឹងអុកស៊ីតកម្មទាំងនោះបានយ៉ាងល្អ។

៧. បើអ្នចូលចិត្តផឹកកាហ្វេច្រើន គួរទទួលទានទឹកធម្មតាឱ្យបានច្រើនផងដែរ ដើម្បីជួយលាងសម្អាតជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងទឹកនោមផងដែរ។

ដូច្នេះសង្ឃឹមថា ទិចនិកខ្លះៗនៃរបៀបទទួលទានកាហ្វេទាំងនេះ អាចជួយលោកអ្នក បានមួយចំណែកនៅក្នុងការថែទាំសុខភាព​ ដែលប្រៀបបាននូវការការថែរក្សាវត្ថុដ៏មាន តម្លៃបំផុតប្រចាំជីវិតយើងម្នាក់ៗ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

របៀបទទួលទានកាហ្វេ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ចំពោះសុខភាព!

របៀបទទួលទានកាហ្វេ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ចំពោះសុខភាព!