Huawei ទាញ​សក្ដានុពល​ទេសចរ​ចិន ដើម្បី​ជំរុញ​ការ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​មើល​ឃើញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ខាង​មុខ​ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​អាច​ទាញ​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

Huawei ទាញ​សក្ដានុពល​ទេសចរ​ចិន ដើម្បី​ជំរុញ​ការ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

 

លោក ឯម យុទ្ធូ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ជា​ជនជាតិ​ដែល​មាន​ផ្នត់​គំនិត​ជាតិ​និយម តែងតែ​គាំទ្រ​ផលិតផល​ជាតិ​របស់​ខ្លួន​​​ជា​អាទិភាព។ ដូច្នេះ​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរ​​ដ៏​សំខាន់​នៃ​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​នេះ វា​នាំ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ចិន​ក្នុង​ប្រទេស​កម្ពុជា ​ពង្រីក​ផលិតផល​និង​សេវាកម្ម​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ។

 

ដោយសារ​ការ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​ កំពុង​រឹត​បន្តឹង​ទាំង​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច ​បាន​ជួយ​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​ចិន​​ធ្វើ​ដំណើរ​មក​ប្រទេស​ហើយ​​​ដែល​នាំ​ឲ្យ​​មាន​ក្រុមហ៊ុន​ចិន​កាន់​តែ​ច្រើន​​​បាន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​​នៅ​កម្ពុជា​។

 

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លើក​ឡើង​ក្នុង​ឱកាស​ចូលរួម​កម្មវិធី​ប្រកួត​ ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ឆ្នាំ ២០១៦ ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥ មាន​ចំនួន​ប្រមាណ ៧០ ម៉ឺន​នាក់ ដែល​គិត​ជា​ភាគរយ​ស្មើ ១៥%។

 

លោក​ថា ចិន​ជា​ទីផ្សារ​ទេសចរ​ធំ​ជាង​គេ​​លើ​ពិភពលោក​។ នៅ​ក្នុង​ឆ្នាំ ២០២០ មាន​ការ​រំពឹង​ទុក​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​នឹង​មាន​ចំនួន​ប្រមាណ​ជាង ២០០ លាន​នាក់ ដោយ ៧០% ផ្តោត​មក​តំបន់​អាស៊ី។

 

លោក​​បន្ត​ថា កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​កំណើន​ភ្ញៀវ​ទេសចរណ៍​ចិន​ ដោយ​ក្រសួង​កំពុង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរ​ចិន​មក​កម្ពុជា តាម​រយៈ​ការ​បង្កើត​គេហទំព័រ​ទេសចរណ៍​ជា​ភាសា​ចិន និង​ការ​បង្កើត Mobile Application ដែល​មាន​ជា​ភាសា​ចិន និង​អង់គ្លេស សម្រាប់សម្រួល​ដល់​​ភ្ញៀវ​ទេសចរ​ងាយស្រួល​ថែម​ទៀត។

 

ក្រសួង​ទេសចរណ៍​និង​ក្រសួង​ព័ត៌មាន​កាល​ពី​ម្សិលមិញ បាន​រៀបចំ​កម្មវិធី​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ឆ្នាំ ២០១៦ ។ កម្មវិធី​នេះ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

 

ចុច​អាន៖ បច្ចេកវិទ្យា​ទូរសព្ទ​វិវឌ្ឍ​ន៍​ឥត​ឈប់ឈរ ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា