សង្វេគណាស់ ! ចៅអាយុ១០ឆ្នាំ​ខំ​ដើម្បី​ចិញ្ចឹម​​​ជីដូន

ខេត្ដកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន ត្រូវ​បាន​ភ្នាក់ងារ​កោះសន្តិភាព យក​ទៅ​ប្រគល់​ជូន​ចៅប្រុស​អាយុ​១០​ឆ្នាំចិញ្ចឹម​ជីដូន​ កាលពី​រសៀល​ថ្ងៃ​ទី​១៦ សីហា នៅ​នឹង​ខ្ទម​ស្នាក់​នៅ​របស់​លោកយាយ ក្នុង​ដី​ស្ថានីយ​រថភ្លើង​រមាស ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស  ។

សូម​រំឭក​ថា សារព័ត៌មាន​កោះសន្តិភាព ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​ជីវិត​រស់នៅ​របស់​លោកយាយ អ៊ូ យឿ​ន អាយុ​៨១​ឆ្នាំ ដែល​កំពុង​រស់នៅ​យ៉ាង​លំបាក​បំផុត​ដោយ​បាន​ចៅប្រុស​ឈ្មោះ ឈិ​ន វី​រៈ ហៅ អាចយ អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​២ ដើរ​រើស​អេ​ត​ចាយ​បាន​ប្រាក់​១​ពាន់​ទៅ​២​ពាន់​រៀល​ទិញ​បាយ​សម្ល​ចិញ្ចឹម​លោកយាយ​នៅ​ក្នុង​ខ្ទម ដែល​សាងសង់​លើ​ដី​ស្ថានីយ​រថភ្លើង​រមាស ។ ក្រោយ​ការ​ចុះ​ផ្សាយ ក៏​មាន​សប្បុរ​ជន​មួយ​ចំនួន​បាន​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ជា​បន្តបន្ទាប់ ។

ដោយឡែក អំណោយ​ជា​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​លោក សេង គី ផ្ទះ​លក់​ទា​ខ្វៃ​នៅ​ផ្សារ​ច្បារ​អំពៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ។ក្រោយ​ពី​ទទួល​អំណោយ​របស់​សប្បុរសជន​ខាងលើ​នេះ លោកយាយ អ៊ូ យឿ​ន បាន​លើកដៃ​សំពះ​ថ្លែងអំណរ គុណ​ដល់​សប្បុរ​ជន​ដែល​មាន​ក្តី​មេត្តា​ដល់​រូប​គាត់ និង​សូម​ជូនពរ​ឱ្យ​សប្បុរសជន​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

លោកយាយ អ៊ូ យឿ​ន ធ្លាប់​បាន​ប្រាប់​ថា កូនស្រី​គាត់ ឈ្មោះ ប្រាក់ ដា​វី បាន​ចេញ​ទៅ​រកស៊ី ហើយ​បាន​បាត់​ដំណឹង​រហូត ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ឈិ​ន វី​រៈ ហៅ​អាចយ​ឱ្យ​គាត់​មើលថែ ដោយ​មិន​ដែល​បាន​ផ្តល់​លុយកាក់​មក​ឱ្យ​គាត់​១​រៀល​សោះ ។ កាលពី​២​ឆ្នាំ​មុន គាត់​បាន​ធ្លាក់​ពីលើ​គ្រែ​ហើយ​បាន​ពិការ​ដល់​សព្វថ្ងៃ និង​រស់​ដោយ​ក្តី​លំបាក​វេទនា​ខ្លាំង​ណាស់​បាន​បងប្អូន​អ្នក​ជិតខាង​ជួយ​ផ្តល់​ប្រាក់​កាក់​បន្តិចបន្តួច​គ្រាន់​ទិញ​បាយ​ហូប​ពីរ​នាក់​ចៅ ។

ពេល​ខ្លះ​ចៅប្រុស អាចយ វា​ដើរ​រើស​អេ​ត​ចាយ លក់​បាន​៥​រយ​ទៅ​១​ពាន់​រៀល ទិញ​បាយ​មក​ហូប តែ​ពេល​ខ្លះ​ក៏​ដាច់​បាយ​ដែរ ជួន កាល​បាន​អ្នក​ជិតខាង​ឆ្លៀត​មក​បោក​ខោអាវ លាង​សំអាត​ខ្លួនប្រាណ​ឱ្យ​គាត់​ព្រោះតែ​គាត់​ពិការ ហើយ​ពេល​នេះ​គាត់​ដំបៅ​ត្រគាក​ទៀត ព្រោះតែ​ដេក​រហូត​បែប​នេះ ។ លោកយាយ​សូម​អំពាវនាវ ដល់​សប្បុរសជន​នានា មេត្តា​ជួយ​ដល់​គាត់​ផង​បាន​រស់នៅ​ឃើញ​ពន្លឺព្រះអាទិត្យ​នៅ​ជីវិត​ចុង​ក្រោយ​នេះ ៕