សង្ស័យ​មាន​អ្វី​ពិសេស ! ស្កាត់​ពី​តា​ខ្មៅ​មក​ហាង​«​ស្រី​យ៉ា​» ម៉ាស្សា​រួច​​…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្កាត់​តាំងពី​ក្រុង​តា​ខ្មៅ​មក​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា និង​កោស​ជប់​យីហោ «​ស្រី​យ៉ា​» ក្បែរ​ផ្សារ​ទួល​ទំពូង បន្ទាប់​ពី​បាន​ម៉ាស្សា និង​កោស​ជប់​រួច​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ក្រុង​តា​ខ្មៅ​វិញ​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​ម៉ាស្សា និង​កោស​ជប់​យីហោ «​ស្រី​យ៉ា​» ផ្ទះ​លេខ​២០៨ ផ្លូវ​លេខ​១៥៥ កែង​ផ្លូវ​លេខ​៤៧២ ស្ថិត​ក្នុងភូមិ​១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ រ័​ត្ន ជឿន អាយុ​៦២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ប្រពន្ធ​ឈ្មោះ ងិ​ន ហ៊ូ អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​២១ ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ មុន​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1S-9267 តែ​ម្នាក់ឯង​ចូល​មក​ក្នុង​ហាង​ម៉ាស្សា​ខាងលើ​តាំងពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​មក​ម្ល៉េះ ដោយ​បាន​ហៅ​នារី​ម្នាក់​ឈ្មោះ ម៉​ន ស្រី​អ៊ា​ង អាយុ​២៨​ឆ្នាំ​មក​ម៉ាស្សា និង​កោស​ជប់​ឲ្យ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​នារី​ម្នាក់​ខាងលើ​បាន​ធ្វើការ​ម៉ាស្សា និង​កោស​ជប់​ឲ្យ​អស់​រយៈពេល​មួយ​ម៉ោង​កន្លះ​រួច​ហើយ បុរស​វ័យ​ចំណាស់​រូប​នោះ​ក៏​បាន​ស្លៀកពាក់​ខោអាវ​ដើរ​ចេញពី​ក្នុង​បន្ទប់​មក​ខាងក្រៅ​យក​មួយ​សុវត្ថិភាព​មក​ពាក់​ត្រឹមត្រូវ រួច​ហើយ​បម្រុង​នឹង​អូស​ម៉ូតូ​ជិះ​ចេញ​ទៅ​ផ្ទះ​វិញ​នោះ ក៏​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​សន្លប់​បាត់ស្មារតី​តែ​ម្តង ។ ដោយ​ឃើញ​បែប​នោះ​ក្រុម​ស្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​ហាង​ម៉ាស្សា​ខាងលើ​ក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋម និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ពេល​ដែល​ក្រុម​សង្គ្រោះ​មក​ដល់ បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ទើប​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​តាម​ប្រពៃណី​តែ​ម្តង​ទៅ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​បុរស​រង​គ្រោះជា​ម៉ូយ​ប្រចាំ​នៅ​ក្នុង​ហាង​ម៉ាស្សា និង​កោស​ជប់ ដែល​មាន​យីហោ ស្រី​យ៉ា នេះ និង​តែងតែ​មក​ម៉ាស្សា​រាល់ពេល​ដែល​រូប​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​តែងតែបាន​ធូ​ស្បើយ​ទៅ​វិញ​ក្រោយ​ពេល​ម៉ាស្សា​រួច តែ​ជា​អកុសល​ថ្ងៃនេះ​ក៏​ស្រាប់តែ​គាត់​ដួល​ផ្ងារ​ក្រោយ​ស្លាប់​បាត់បង់​ជីវិត​បែប​នេះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដួល​ស្លាប់​របស់​បុរស​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ​នេះ​ដែរ ត្រូវ​បាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រហែលជា​មាន​អ្វី​ពិសេស​ហើយ​នៅ​ក្នុង​ហាង​ម៉ាស្សា និង​កោស​ជប់​យីហោ «​ស្រី​យ៉ា​» បានជា​រូប​គាត់​ស្កាត់​តាំងពី​ក្រុង​តា​ខ្មៅ​មក​ម៉ាស្សា ដល់​ក្បែរ​ផ្សារ​ទួល​ទំពូង​នេះ?

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បុរស​ជន​រង​គ្រោះ​ក៏​បាន​មក​ដល់ និង​បាន​និយាយ​ថា ប្តី​របស់​គាត់​គឺជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ ដោយ​លើសឈាម និង​សម្ពាធ​សរសៃ​បេះដូង និង​តែងតែបាន​នាំ​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម​ជា​ប្រចាំ​ផង​ដែរ ហើយ​សុខចិត្ត​ទទួលយក​សព​ប្តី​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​របស់​គាត់​វិញ ដោយ​មិន​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ ៕