វាយប្រហារ​ភេរវកម្ម​2​នៅ​តួ​ក​គី​ស្លាប់​6​នាក់

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​និយាយ​ថា មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​២​នាក់ និង​ប៉ូលិស​ម្នាក់​ស្លាប់ ហើយ​មនុស្ស​៧០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៨ សីហា នៅ​ទីក្រុង​វ៉ា​នភា​គ​ខាងកើត​តួ​ក​គី ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​ពី​សំណាក់​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ។

ទីភ្នាក់ងារសារព័ត៌មាន​តួ​ក​គី DOGAN បញ្ជាក់​ថា គ្រឿងផ្ទុះ​ដល់​ទៅ​ប្រមាណ​ជា​១​តោន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល ANADOLU បាន​ដកស្រង់​សម្តី​អភិបាលក្រុង​វ៉ា​ន លោក IBRAHIM TASYAPA ដែល​គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​សំដៅលើ​ស្នងការដ្ឋាន​ប៉ូលិស​នៅ IPEKYOLU ជា​សង្កាត់​មួយ​នៅ​កណ្តាល​ក្រុង​វ៉ា​ន ។ ក្នុង​ចំណោម​អ្នក​របួស​មាន​ប៉ូលិស​ជា​២០​នាក់ ។ ក្រោយ​ការ​វាយប្រហារ​ប៉ូលិស​ចាប់​បាន​ជន​សកម្មប្រយុទ្ធ​ម្នាក់ ដែល​របួស​ហើយ​សង្ស័យ​ជា​អ្នក​បើករថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មក​កាន់​មុខ​ស្នងការដ្ឋាន​ប៉ូលិស ។

ម្យ៉ាងវិញទៀត នៅ​ខេត្ត ELAZIG  ភាគ​ខាងកើត​តួ​ក​គី ពួក​ឧទ្ទាម​ឃើ​ត​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ដែរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ និង​របួស​១២០​នាក់ ។ នោះ​ជា​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​ដែល​បណ្តាល​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ក្នុង​អគារ​៤​ជាន់​មួយ​ព្រមទាំង​បណ្តា​អគារ​ជិតខាង ៕