បើក​លឿន​យ៉ាងណា​បានជា​ដល់​ថ្នាក់​នេះ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​បាក់​ក​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ឯ​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​របង​ថ្ម​ផ្ទះ​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​អា ស្ថិត​ក្នុងភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នកបើកបរ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សន សៀង​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ រ៉​ន ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​លេខ​៣ ឃុំ​ស្វាយ រលំ ស្រុក​ស្អាង ។ ជន​រង​គ្រោះ​រង​របួសស្រាល​ឈ្មោះ លី​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ជន​ង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លា​កល​ខ កណ្តាល 1J-5424 ។

នគរបាល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​ល​ខ​២១​អា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ថ្ម​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​អ្នក​ជិះ​ជាមួយ​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។

ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ​ដែល​ង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ។ ចំណែក​ម៉ូតូ និង​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ៕