អីក៏ពិបាកធ្វើ​សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង​អត្តសញ្ញាណប័ណ្ណណាស់

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦​គ្រួសារ ក្នុង​ចំណោម​ច្រើន​គ្រួសារបាន​លើកឡើង​ថា ខណៈ​ពួក​គាត់​នាំ​គ្នា​ធ្វើ​ដំណើរពី​ចំណុច​ខក​មូស ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃលិន ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​នគរបាល សង្កាត់​ប៉ៃលិន ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ដើម្បី​ឈាន​ដល់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។

តែ​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ តាំងពី​អាជ្ញាធរ​ភូមិរហូត​ដល់​ប៉ុស្តិ៍​នគរបាល បែរជា​អត់​មាន​សៀវភៅធ្វើ​ជូន​ពួក​គាត់​ទៅ​វិញ ខណៈ​អ្នកខ្លះ​បាន​ទៅ​សួរនាំ​ជា​ច្រើន​លើក​ច្រើន​សារ តែ​រហូត​មក​ដល់ពេល​នេះ នៅ​អត់​មាន​ដដែល ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំងដៃទទេ​ផង​ដែរ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​សៀវ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​នេះ​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​សង្កាត់ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​សម្តី​ស្ត្រី​ម្នាក់ឈ្មោះសួ សេ​ម អាយុ​៣២​ឆ្នាំ និង​បុរស​ម្នាក់ឈ្មោះ ស៊ី​ន សុផល អាយុ​៥៣​ឆ្នាំ ​បានឱ្យ​ដឹង​ថា ពួក​គាត់​​​នាំ​គ្នា​មក​សុំ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ ដែល​មានចំនួន​៦​គ្រួសារ ។ តែ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​ប្រហែល​៥០​ ទៅ​៦០​នាក់​ដែរ ដោយ​ពួកគាត់​អត់​មាន​ឯកសារ​ទាំងនេះ ហើយ​ពិតជា​មានការ​លំបាក ខណៈ​នាំ​គ្នា​ទៅ​សុំ​សំណើរ​ពី​មេ​ភូមិ ដើម្បី​បញ្ជាក់​លិខិត​ស្នាក់​នៅ​ជូន​ពួក​គាត់ ឈាន​ទៅ​ធ្វើ​សៀវភៅ​គ្រួសារ ស្រាប់តែ​មេ​ភូមិ​បាននិយាយ​ថា មិន​ព្រម​ធ្វើ​ឱ្យ​នោះ​ទេ ព្រោះ​យូរណាស់​ហើយ​ នៅ​លើ​ភ្នំ​មិន​ព្រម​ចុះ​មក​ធ្វើដោយ​ថា ពួក​គាត់​ជា​ពួក​ស្វា ដូច្នេះ​មិនបាច់​ធ្វើ​ឱ្យ​ទេ ។

សម្តី​ទាំងនោះ ​ធ្វើ​ឱ្យ​ពួក​គាត់​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា ព្រោះ​ពួក​គាត់​ជាប់រវល់​ស៊ីឈ្នួល​ធ្វើ​កម្មករ​គេ ដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ទើប​ពេល​អាជ្ញាធរ​ចុះ​ធ្វើ​មិន​បាន​ចូល​ភូមិ ។ ក្រោយមក​ដោយ​មានការ​អន្តរាគមន៍ ទើប​លោក​មេ​ភូមិ​ព្រម​បញ្ជាក់ថា ជា​កូន​ភូមិ​របស់​ខ្លួន ។

ពួក​គាត់​បន្ត​ថា ប៉ុន្តែ​ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល ស្រាប់តែ​គេ​ប្រាប់​ថា អត់​មាន​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​នោះ​ឡើយ។ ពួក​គាត់​បញ្ជាក់​ថា ធ្លាប់​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ពេល​ខ្លះ​១​អាទិត្យ​សួរនាំ​ម្តង ក្រោយមក​កន្លះ​ខែ​សួរនាំ​ម្តងទៀត បើ​គិត​ទៅ​ប្រហែលជា​៥​ ទៅ​៦​ដង​ហើយ តែ​ចម្លើយ​នៅ​តែ​អត់​មាន​ដដែល ។

បើ​អត់​មាន​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ នគរបាល​មិន​អាច​ធ្វើ​អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឱ្យ​ពួក​គាត់​នោះ​ឡើយ ដូច្នេះ​ពួក​គាត់​មានការ​លំបាក​ក្នុង ការ​ឆ្លង​ដែន​ទៅ​ធ្វើ ការងារ​នៅ​ប្រទេស​ថៃ ឬ​ចង់ឱ្យ​កូនចៅ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ក៏​មាន​ការ​លំបាក​ដែរ ដោយ​ថៅកែ​មិន​ទទួលយក​នោះ​ឡើយ បើ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​នោះ។