ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទី​ម័​រ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ២០១៦​។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់ ផង​ដែរ​ថា «​ថ្ងៃស្អែក​នេះ ខ្ញុំ​នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​សារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​ឡេ​ស្តេ (Timor-Leste) ជាមួយនឹង​ការ​ខិតខំ​ពង្រីក​ទស្សនកិច្ច​ខាងលើ​នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី យើង​ក៏​នឹង​ពិភាក្សា​ផង​ដែរ​អំពី​បេក្ខភាព​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ  ដែល​កម្ពុជា​យើង​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​ប្រទេស​នេះ​ក្លាយជា​សមាជិក​របស់​អាស៊ាន​។

ក្រៅពី​ទស្សនកិច្ច​ផ្លូវការ ខ្ញុំ​និង​គណៈប្រតិភូ​ក៏​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​លើក​ទី​៤១ នៃ​ការ​បង្កើត​កងកម្លាំង​រំដោះជាតិ​ទី​ម័​រ​ឡេ​ស្តេ ព្រមទាំង​ជួប​ជាមួយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុងធ្វើការ​នៅ​ទី​ម័​រ​ឡេ​ស្តេ​ផង​ដែរ​»៕