ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្វាគមន៍​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តំបន់​ពយ​កំពេញ

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​តំបន់​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ សាទរ​ចំពោះ​ដំណោះស្រាយ​របស់​រដ្ឋបាល​ខេត្ត​ទេសចរណ៍​មួយ​នេះ ក្នុង​ការងារ​ពន្លឿន​សកម្មភាព​ចុះ​វាស់​ក្បាល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់ ឲ្យ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​តំបន់​នេះ​ស្រប​ច្បាប់។

បញ្ហា​នេះ មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន​ដែល​នឹង​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​នៅ​តំបន់​ឆ្នេរ​ពយ​កំពេញ មិន​ត្រូវ​ចាក់​ដី​រំលោភ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្កា​ថ្ម និង​បរិស្ថាន​ឆ្នេរ​នោះ​ទេ។

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​តំបន់​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ដែល​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​នេះ។

ពលរដ្ឋ​អះអាង​ថា ក្តី​ទន្ទឹង​រង់ចាំ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ពី​អាជ្ញាធរ ទៅ​លើ​ដី​លំនៅឋាន​របស់​ពួក​គាត់ គឺ​មាន​អ្នក​ខ្លះ​បាន​រង់ចាំ​ជាង ២០​ឆ្នាំ​មក​ហើយ ហើយ​ទើប​តែ​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ទើប​ឈាន​ដល់​បញ្ជូន​មន្ត្រី​ចុះ​វាស់​ក្បាល​ដី​ចេញ​ប្លង់​កម្មសិទ្ធិ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​ចំនួន​ស្ថិតិ​ពិត​ប្រាកដ​នៃ​ចំនួន​គ្រួសារ​របស់​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ ឬ​មក​ទិញ​ដី​ហ៊ុមព័ទ្ធ​របង​ជា​ឡូៗ​នៅ​តំបន់​ពយ​កំពេញ ថា​តើ​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ទេ ព្រោះ​មន្ត្រី​ស្ថាប័ន​ជំនាញ​កំពុង​ចុះ​ស្រង់​ស្ថិតិ​ជាក់ស្តែង។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក ទទួល​ស្គាល់​ថា រដ្ឋបាល​ខេត្ត​នេះ​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​ពយ​កំពេញ ដែល​ទន្ទឹង​រង់ចាំ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ពី​មន្ត្រី​ជំនាញ​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ និង​វាស់​ចំណែក​ដី​ជាក់ស្តែង មុន​នឹង​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ស្រប​តាម​នីតិវិធី៖ «»

ជៀប សុធារី ២០១៦ ៨៥៥
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សាទរ​ចំពោះ​ការ​ពន្លឿន​សកម្មភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ឈាន​ដល់​ចុះ​វាស់​ចំណែក​ដី និង​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ពយ​កំពេញ និង​សហគមន៍​ផ្សេងៗ​ទៀត​ដែល​ពួក​គាត់​ទន្ទឹង​រង់ចាំ​ប្លង់​កម្មសិទ្ធិ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ អ្នកស្រី​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ពិសេស​ក្រុមហ៊ុន ឬ​ឈ្មួញ​ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​នៅ​តំបន់​ឆ្នេរ​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ មិន​ត្រូវ​ដឹក​ដី​ចាក់​ចូល​សមុទ្រ ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី ឬ​ស្ថាបនា​ទីតាំង​អ្វី​មួយ​បំផ្លាញ​បរិស្ថាន​ឆ្នេរ និង​ផ្កា​ថ្ម​ដែល​មាន​នៅ​តំបន់​នោះ​ទេ ព្រោះ​តាម​ការ​សង្កេត​ឃើញ​មាន​បុគ្គល ឬ​ក្រុមហ៊ុន​ខ្លះ បាន​ធ្វើ​សកម្មភាព​ចាក់​ដី​ចូល​សមុទ្រ​នៅ​ម្តុំ​ពយ​កំពេញ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​តំបន់​នេះ​ជា​បណ្ដើរៗ​រួច​ហើយ៖ «»

ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ការងារ​ថែ​រក្សា​បរិស្ថាន​ឆ្នេរ​សមុទ្រ​នៅ​តំបន់​ពយ​កំពេញ ឲ្យ​បាន​ត្រឹមត្រូវ រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ឬ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា បន្ទាប់​ពី​ពួក​គេ​ជា​ម្ចាស់​ដី​នៅ​តំបន់​នោះ ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ហើយ​មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​អ្វី​មួយ ដោយ​មិន​ត្រូវ​ឲ្យ​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​នោះ​ទេ។

តំបន់​ឆ្នេរ​ពយ​កំពេញ ព្រះសីហនុ ២០១៦ ៨៥៥
តំបន់​ឆ្នេរ​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ពយ​កំពេញ នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ពី​អាជ្ញាធរ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ពិត​ជា​បាន​មក​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​នៅ​តំបន់​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។ លោក​អះអាង​ថា សកម្មភាព​ក្រុមហ៊ុន​នេះ​ទំនង​ជា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ ឬ​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​នោះ​ទេ៖ «»

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​បែងចែក​ការងារ​ទទួល​ខុស​ត្រូវ​ជូន​អភិបាល​រង​ខេត្ត​ទាំងអស់ ឲ្យ​ទទួល​បន្ទុក​ការងារ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ ឬ​តំបន់​នីមួយៗ ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ចុះ​វាស់​ក្បាល​ដី​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យ៉ាង​ហោច ៧០​ភាគរយ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦ នេះ។

បញ្ហា​នេះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ពយ​កំពេញ បាន​និយាយ​ប្រាប់​អាស៊ីសេរី ថា បុគ្គល​មាន​ដី​នៅ​តំបន់​ពយ​កំពេញ ភាគច្រើន​គឺ​ជា​មន្ត្រី​មាន​អំណាច ឬ​ជា​ឈ្មួញ​មាន​ទ្រព្យ​ធន​ជាដើម មាន​ឈ្មោះ​កាន់​កាប់​ចំណែក​ដី​ភាគច្រើន​នៅ​តំបន់​ពយ​កំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្នុង​នោះ​ក៏​មាន​លោក​ឧកញ៉ា ទ្រី ភាព ដែល​ល្បីល្បាញ​រឿង​ធ្វើ​ជំនួញ​ព្រៃ​ឈើ​នា​ពេល​កន្លង​ទៅ ក៏​មាន​ឈ្មោះ​កាន់​កាប់​ចំណែក​ដី​នៅ​តំបន់​នេះ​មាន​ផ្ទៃដី​ធំ​ទូលាយ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទ្រី ភាព ដែល​មាន​ចំណែក​ដី​នៅ​ក្នុង​បរិវេណ​ពយ​កំពេញ ដែល​រដ្ឋបាល​ខេត្ត​នេះ​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ បាន​ត្រៀម​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​មាន​សណ្ឋាគារ ជាដើម។ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នេះ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​ខ្លាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​សមុទ្រ និង​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​មាន​ផ្កា​ថ្ម ជាដើម ហើយ​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។