អ្នកចាស់ធ្វើការយូរហើយ ពុករលួយខ្លាំងពេក ល្មមដល់វេនអ្នកថ្មីធ្វើការម្តង

ឃ្លាតចេញពីសង្គ្រាមប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនថ្មីបន្តិច វាចូលដល់ដំណាក់កាល បោសសម្អាតមន្ត្រីរដ្ឋាភិបាលពុករលួយវិញម្ដងហើយ ដែលវាក៏ជាផ្នែកមួយនៃការសន្យារបស់លោក Rodrigo Duterte ក្នុងពេលធ្វើការឃោសនាប្រជែងដំណែងប្រធានាធិបតីដែរ ។

លោក Duterte បាននិយាយថា អំពើពុករលួយក្នុងប្រទេសហ្វីលីពីន ជារឿងដែលមានតាំងពីយូរយារណាស់មកហើយ ហើយក៏មិនងាយនឹងផ្លាស់ប្ដូរទម្លាប់ពុករលួយរបស់មន្ត្រីរដ្ឋាភិបាលដែរ ដោយមន្ត្រីជាច្រើន មិនខ្វាយខ្វល់នឹងការព្រមានរបស់លោកទេ ។

“ខ្ញុំចង់ចែករំលែកជាមួយអ្នកនូវបញ្ហាមួយ ដែលវាកើតយូរណាស់មកហើយក្នុងប្រទេសហ្វីលីពីន នោះគឺបញ្ហាអំពើពុករលួយ ហើយខ្ញុំនៅត្រូវបង្ហាញបញ្ជីឈ្មោះមន្ត្រីអាក្រក់ក្នុងរដ្ឋាភិបាលដល់អ្នកទៀត ។ វានៅមានចៅក្រម ប៉ូលិស និងអ្នកនយោបាយជាច្រើននាក់ទៀត” លោកបានថ្លែងដូចនេះ ក្រោយពីមន្ត្រីដែលត្រូវលោកចុចឈ្មោះ ឲ្យធ្វើការឲ្យលោក ស្បថចូលកាន់តំណែងក្នុងវិមានប្រធានាធិបតី Malacañang ។

លោកបន្តថា “ខ្ញុំគិតថា វាចាំបាច់ណាស់ ដែលត្រូវដកអ្នកទាំងនោះចោល ។ ខ្ញុំមិនចង់ធ្វើរំលងនីតិវិធីច្បាប់ ឬធ្វើខុសនឹងនីតិវិធីទាំងនោះទេ តែវាពិតជាពិបាកណាស់ ដែលយើងចង់កម្ចាត់ចោល នូវរឿងដែលបានកើតឡើងយូរមកហើយនោះ ។ អ្នកត្រូវការកម្លាំងពលកម្មជំនាន់ថ្មី ដើម្បីមកធ្វើការទាំងនោះ” ។

និយាយដល់បញ្ហាអំពើពុករលួយនេះដែរ លោក Duterte បានលើកឡើងថា ការិយាល័យដឹកជញ្ជូនផ្លូវគោក (LTO) និងក្រុមប្រឹក្សាភិបាលនៃការដឹកជញ្ជូនផ្លូវគោក និងទទួលបន្ទុកចេញបទបញ្ញត្តិ (LTFRB) គឺជាផ្នែកមួយដែលពុករលួយបំផុត នៃរដ្ឋាភិបាលទាំងមូល ។

ប្រធានាធិបតីរូបនេះ បានចុចឈ្មោះមន្ត្រីជាច្រើនរូប ដើម្បីធ្វើការឲ្យលោក ក្នុងដំណើរការបោសសម្អាតមន្ត្រីពុករលួយ និងរៀបចំរដ្ឋាភិបាលស្អាតស្អំថ្មី និងការបោសសម្អាតគ្រឿងញៀនជាដើម ដោយលោកបានថ្លែងថា លោកប្រហែលជាអាចនឹងក្លាយជាមនុស្សអាក្រក់ក្នុងពេលខ្លះ តែក៏ដើម្បីបំពេញការសន្យារបស់លោក នៅចំពោះមុខជនជាតិហ្វីលីពីន១៦លាននាក់ ដែលបានបោះឆ្នោតឲ្យលោកឈ្នះយ៉ាងច្រើនលើសលុប កាលពីថ្ងៃទី៩ ខែឧសភា ។

សម្ដីមួយឃ្លារបស់លោកបានថ្លែងថា “បើទោះជាខ្ញុំត្រូវស្លាប់ក្នុងថ្លុកឈាម ហើយអាវប្រឡាក់ឈាមជោកក៏ដោយ ក៏ខ្ញុំនៅតែបន្តបោសសម្អាតមន្ត្រីពុករលួយ លុបបំបាត់បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងទៀតដែរ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា លោកធ្លាប់ប្រកាសថា “ខ្ញុំនឹងកម្ចាត់ឧក្រិដ្ឋកម្ម និងរឹតបន្តឹងចំពោះអ្នកប្រព្រឹត្តខុសទាំងឡាយ ។ ចំពោះអ្នកអស់សង្ឃឹម អ្នកមិនអាចការពារខ្លួនឯងបាន និងអ្នកមិនអាចជួយខ្លួនឯងបាន អ្នកនឹងមើលឃើញចំណុចពិសេសរបស់ខ្ញុំ” ៕

ប្រភព៖ Kqube


Related Posts