នាយករដ្ឋមន្ត្រី​វៀតណាម​ដាក់​បញ្ជា​រក្សា​សណ្ដាប់ធ្នាប់ ក្រោយ​មន្ត្រី​បាញ់សម្លាប់​គ្នា​ និពន្ធដោយ : ថ្មីៗ       August-18-2016, 5:18 pm         1942

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​វៀតណាម​ដាក់​បញ្ជា​រក្សា​សណ្ដាប់ធ្នាប់ ក្រោយ​មន្ត្រី​បាញ់សម្លាប់​គ្នា​​បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់សម្លាប់​រវាង​មន្ត្រី​ដឹកនាំ​នៅ​ថ្នាក់​ខេត្ត នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ទៅដល់​កន្លែងកើតហេតុ និង​បានដាក់​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ រក្សា​ស្ថិរភាព និង​សណ្ដាប់ធ្នាប់​នៅក្នុង​ខេត្ត Yen Bai​។ ចំណែកឯ​មូលហេតុ​នៃ​ការបាញ់​នេះ មិនទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ ខណៈ​នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ដាក់​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ផ្ទាល់​ផងដែរ​។​

​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម បាន​រាយការណ៍​នៅ​ថ្ងៃទី​១៨ ខែសីហា ថា មន្ត្រី​ផ្នែក​ជលផល​ម្នាក់ បាន​បាញ់សម្លាប់​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត Yen Bai ភាគ​ខាងជើង​ប្រទេស ដែលជា​នោះ​ជាហេតុ​ការណ៍​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ​។ លោក Đỗ Cường Minh ប្រធាន​ផ្នែក​ការពារ​ជលផល​ប្រចាំខេត្ត បាន​បាញ់​លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត លោក Pham Duy Cuong និង​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន លោក Ngo Ngoc Tuan នៅ​ការិយាល័យ​របស់​ពួកគេ មុនពេល​បាញ់​ខ្លួន​។​

​សារព័ត៌មាន​វៀតណាម Vietnam News ផ្សាយ​ថា ដំបូង​លោក Đỗ Cường Minh បាន​ទៅ​បាញ់​លោក Pham Duy Cuong នៅ​បន្ទប់ធ្វើការ​របស់លោក Pham​។ បន្ទាប់មក លោក Đỗ Cường Minh ក៏បាន​ទៅធ្វើ​សកម្មភាព​នៅ​បន្ទប់​លោក Ngo Ngoc Tuan ហើយក៏​បាញ់​ខ្លួនឯង​ជា​ចុងក្រោយ​។ យ៉ាងណាក្ដី បន្ទាប់​ហេតុការណ៍​បាញ់ប្រហារ ជនរងគ្រោះ​ទាំងពីរ និង​ជនដៃដល់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ តែ​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​។

​ទាក់ទង​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyễn Xuân Phúc ដែល​ទៅដល់​ខេត្ត Yen Bai នៅ​រសៀល​ថ្ងៃនេះ និយាយថា នេះ​គឺជា​ការបាត់បង់​ដ៏​ធំ​មួយ និង​ជាហេតុ​ការណ៍​អាក្រក់​សម្រាប់​ប្រទេស និង​ប្រជាជន​ក្នុង​ខេត្ត​។ លោក​ក៏បាន​បញ្ជា​ដល់​ក្រសួង​សន្តិសុខ​សាធារណៈ ធ្វើការ​ជាមួយ​ប៉ូលិស​ប្រចាំខេត្ត ធ្វើការ​ស៊ើបអង្កេត​ហេតុការណ៍​នេះដែរ​។​

​ជាមួយគ្នានេះ ក្រុម​សន្តិសុខ​តំបន់ និង​កងកម្លាំង​ការពារ ក៏​ត្រូវបាន​ចាត់ចែង​ឲ្យ​ការពារ កុំ​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្ថានភាព​នយោបាយ និង​សុខ​សុវត្ថិភាព​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​នេះ​ផងដែរ​៕