បុរសម្នាក់អំពាវនាវឲ្យទាហានត្រៀមខ្លួនប្រឆាំងរដ្ឋាភិបាល

ភ្នំពេញៈ ជាថ្មីម្តងទៀតលោក សំ សុវណ្ណារ៉ា ដែលអះអាងថាខ្លួនជាអតីតទាហានកងអន្តរាគមន៍ប្រចាំតំបន់ព្រះវិហារបានចេញមកអំពាវនាវឲ្យកងទ័ពប្រចាំទិសទាំង ៤ របស់កម្ពុជាត្រៀមខ្លួនប្រយុទ្ធជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលលោកហៅថា «របប ហ៊ុន សែន និងយួនឈ្លានពាន» នៅពេលឆាប់ៗ។

កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ ក្នុងវីដេអូឃ្លីបមួយមានរយៈពេល ២ នាទីបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Vichea Som លោក សំ សុវណ្ណារ៉ា និយាយថាខ្លួនជាអគ្គលេខាធិការរណសិរ្សរំដោះជាតិខ្មែរដែលមានទីតាំងនៅប្រទេសដាណឺម៉ាកនោះបានអំពាវនាវឲ្យមេទ័ពប្រចាំទិសទាំងបួនបូករួមនឹងកងទ័ពដែលលោកហៅថាកងកម្លាំងព្រះបាទជ័យរវ្ម័នទី ៧ ឲ្យត្រៀមខ្លួនជាស្រេចដើម្បីតតាំងជាមួយរដ្ឋាភិបាលកម្ពុជា។

លោកថារណៈសិរ្សរំដោះជាតិខ្មែរប្រកាសជាចំហក្នុងការតតាំងជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកបន្ថែមថា៖ «ការដែលរណសិរ្សរំដោះជាតិខ្មែរប្រកាសឲ្យមេទ័ពទាំងបួនទិសត្រៀមប្រយុទ្ធជាមួយរបបបែបផ្តាច់ការ ហ៊ុន សែន ព្រោះរណសិរ្សរំដោះជាតិខ្មែរមិនអាចឈរទ្រាំមើលលើការដឹកនាំដដែលៗបែបផ្តាច់ការបំពានលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរ ការបិទបាំងការពិតករណីពលរដ្ឋខ្មែរដែលត្រូវគេសម្លាប់រឹបអូសដីធ្លី…ការបំផ្លាញធនធានធម្មជាតិ…យួនដាក់អាណានិគមបែបថ្មីមកលើប្រទេសខ្មែរ»។

លោក សុវណ្ណារ៉ា បានទុករយៈពេល ៣០ ថ្ងៃដោយទំនងជាគិតចាប់ពីថ្ងៃអំពាវនាវនេះដើម្បីឲ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្សសមាជិករណៈសិរ្សរំដោះជាតិខ្មែរដែលកំពុងជាប់ឃុំ សកម្មជនបក្សប្រឆាំង និងបញ្ចេញកាមេរ៉ាសុវត្ថិភាពនៅស្តាម៉ាតដែលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់។ ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមជាមួយរណសិរ្សរបស់លោកដោយថាដើម្បីបានគេចផុតពីគ្រោះមហន្តរាយ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាទង្វើនេះជាអំពើវិទ្ធង្សនាមានចេតនាចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ បើតាមលោក សុជាតិ មន្ត្រីជំនាញរបស់ក្រសួងការពារជាតិបានធ្វើការតាមដាន និងស្វែងរកលោក សំ សុវណ្ណារ៉ា តាំងពីថ្ងៃដែលគាត់បានចេញអំពាវនាវបែបនេះលើកដំបូងមក។

ទោះយ៉ាងណាលោកថារហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់បានតម្រុយណាមួយពីបុរសនេះនៅឡើយ។

លោកបន្ថែមថា៖ «អំពើណាដែលប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ជាអំពើវិទ្ធង្សនា ភេរវកម្មមួយដែលប្រជាពលរដ្ឋទូទាំងប្រទេសមិនគាំទ្រទេ…អ៊ីចឹងអំពើនេះជាអំពើខុសច្បាប់យើងកំពុងតែចាត់ការតាមផ្លូវច្បាប់ហើយ …»។

លោក សុជាតិ ក៏ចាត់ទុកការអំពាវនាវនេះថាជាអំពើ «ឆ្កួត ឡប់ លីលា» និងថាកងទ័ពនឹងមិនធ្វើតាមការអំពាវនាវនេះទេដោយថាកងទ័ពស្មោះត្រង់ជាមួយរដ្ឋាភិបាលស្របច្បាប់។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី បានថ្លែងថាដំណោះស្រាយបញ្ហាសម្រាប់កម្ពុជាមិនត្រូវប្រើអំពើហិង្សានោះទេដោយលោកថាអំពើហិង្សាប្រដាប់អាវុធអាចនាំឲ្យប្រទេសជាតិធ្លាក់ខ្លួនក្រ និងការអភិវឌ្ឍដើរថយក្រោយ។ លោកក៏បានជំរុញឲ្យរដ្ឋាភិបាលអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ដែលលោកថាចំណុចទាំងនេះនឹងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសប្បាយ។

គួរបញ្ចាក់ថាកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០១៦ លោក សុវណ្ណារ៉ា បានអំពាវនាវឲ្យកងទ័ពក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលម្តងរួចមកហើយប៉ុន្តែកាលពីថ្ងៃទី ២១ ខែកក្កដា លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទពីក្រៅប្រទេសមកថា លោកមិនមានបំណងធ្វើរដ្ឋប្រហារអ្វីនោះទេដោយថាគ្រាន់តែលោកធ្វើការអំពាវនាវចង់ឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងមានសន្តិភាពពិតប្រាកដប៉ុណ្ណោះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts