៣​នាក់ឪពុកកូនជាប់ចោទ​ឆបោក​ប្រាក់​ជិត​១​លាន​កន្លះ​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ជាប់​ពាក់ព័ន្ធ​លើ​បណ្តឹង ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឈ្មោះ ស្រេង លាង​គី​ម អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣៥​អា​១៥ ផ្លូវ​លេខ​៧ ភូមិ​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ទៀត​ដឹង​ថា ដើមបណ្តឹង​មានឈ្មោះ លឹ​ម មួយ​ជូរ ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៥ ផ្លូវ​៣៦៣ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ដើមចម​នៃ​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា ឈ្មោះ លឹ​ម មួយ​ជូរ បាន​ប្តឹង​ទៅ​លើ​មនុស្ស​៣​នាក់ ក្នុង​នោះ​មានឈ្មោះ ១-​ឈ្មោះ ស្រេង លាង​គី​ម​, ២-​ឈ្មោះ អ៊ឹ​ង ទ្រី (​ជា​បី្ត​របស់​ឈ្មោះ ស្រេង លាង​គី​ម​) និង ៣-​ឈ្មោះ គុយ ស្រេង (​ឪពុក​របស់​ឈ​ញ​មោះ ស្រេង លាង​គិ​ម​) ។

ប្រភព​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥​ឧសភា​២០១៥ ដល់​ថ្ងៃ​ទី​២៥​ឧសភា​២០១៦ ឈ្មោះ ស្រេង លាង​គី​ម បាន​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ជា​បន្តបន្ទាប់​រហូត​ដល់​១.៤៥៥.០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ធ្វើ​ដើមទុន​រកស៊ី ។ ក្រោយ​ពី​ឈ្មោះ ស្រេង លាង​គី​ម ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ហើយ និង​ដល់​ថ្ងៃ​កំណត់​មិន​បាន​គោរព​កិច្ចសន្យា​យក​ប្រាក់​សង​ដើមបណ្តឹង​វិញ​ទេ ដោយ​បាន​ព្យាយាម​ពន្យារពេល ។ លុះ​ក្រោយមក​ឈ្មោះ ស្រេង លាង​គី​ម និង​ប្តី​បាន​យក​រថយន្ត​មក​ដឹក​ដើមបណ្តឹង​ទៅ​ផ្ទះ​លោក គុយ ស្រេង ជា​ឪពុក នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​រឿង​បំណុល ។ ពេល​នោះ​ភាគី​ចុងចោទ​បាន​អះអាង​ថា ខ្លួន​មាន​តូប​លក់ដូរ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​ចំនួន​៣​តូប មាន​ដីស្រែ និង​មាន​លំនៅ​ឋាន​២-៣​កន្លែង​ទៀត​អាច​ជា​ថ្លូ​រ​នឹង​បំណុល​ប្រាក់​ជិត​១​លាន​កន្លះ​នោះ ។ ដោយនៅ​ចំពោះ​មុខ​ឪពុក និង​ប្តី ចុងចោទ​បាន​ធ្វើ​ឲ្យ​ដើមចោទ​ទុកចិត្ត ហើយ​ដើមបណ្តឹង​យល់ព្រម​ធ្វើ​កិច្ចសន្យា​ទទួលយក​នូវ​អ្វី​ដែល​មនុស្ស​៣​នាក់​ប្រគល់​ឲ្យ​(​មាន​តូប​៣​កន្លែង​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ដីស្រែ និង​លំនៅ​ឋាន​) ។ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​ប្រគល់​រួច ដើមបណ្តឹង​បាន​យក​ឯកសារ​នោះ​ទៅ​ធ្វើការ​សិក្សា​ដើម្បី​ទូទាត់​ប្រាក់​ខ្ចី ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​ត្រឹមតែ​អចលនទ្រព្យ​(​ខ្យល់​)​ទាំងអស់ ។

សមត្ត​កិច្ច​បន្ត​ថា ដោយ​ទៅ​លើ​ទ​ង្វើ​របស់​បុគ្គល​៣​នាក់​បាន​ប្រព្រឹត្ត​ពិតជា​មាន​បទល្មើស ដើមបណ្តឹង​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​ចាត់ការ​លើ​ឪពុក និង​កូន ដែល​មានគំនិត​ទុច្ចរិត ពី​បទ ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ។ ពេល​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​អញ្ជើញ​ចុងចោទ​ឲ្យ​ចូលខ្លួន ពេល​នោះ​អ្នកស្រី ស្រេង លាង​គី​ម បាន​ចូល​តាម​ការ​កំណត់ ទើបត្រូវ​បានការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យការ​តម្រូវ​ឲ្យ​ឃាត់ខ្លួន​នាំ​ទៅ​កាន់​សាលាដំបូង​ដើម្បី​សាកសួរ​រក​បន្ទុក​ស្រាយ​បណ្តឹង​របស់​ភាគី​ដើមចោទ ៕