នគរបាល​ក្រសោប​បាន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១​ក្រុម

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់​រួម​ជាមួយ វត្ថុ​តាងមួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ដែល​ពួក​គេ​កំពុង​សម្ងំ​លាក់ខ្លួន នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត នៅ​ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំងនោះ​នោះ​មាន​ទី​១-​ឈ្មោះ ប៉ែន សុខ​ចេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​ពេល​ដែល​នគរ​បាន​ចាប់ខ្លួន​បាន ជន​នេះ​បាន បដិសេធ​ន៏​ថា ខ្លួន​មិន​បាន ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​នោះ​ទេ គឺ​គ្រាន់តែ​បាន​ដើរ​លេង​ចូល​ក្លឹ​ប ជាមួយនឹង​ជន​៣​នាក់​ទៀត​ប៉ុណ្ណោះ ហើយដោយ​ងងុយដេក ក៏​បាន​ដេក​នៅ​ក្នុងផ្ទះ​ជូ​ល​នោះ ហើយ​ក៏​ត្រូវ​នគរបាល​ចុះ​ទៅ​ចាប់​ដោយ​ចៃដន្យ​តែ​ប៉ុណ្ណោះ​។

ទី​២-​ឈ្មោះ ឌី សុ​ផានិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​នេះ​បាន​សារភាព​ថា ខ្លួន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ហើយ​បាន​ចេញពីផ្ទះ​ទៅ​ដេក នៅ​ក្នុងផ្ទះ​ខាងលើ ហើយ​ក៏​ត្រូវ​បាន នគរបាល​ចុះ​ចាប់​តែ​ម្ដង​។ ទី​៣-​ឈ្មោះ ជាប ឌុ​ច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អណ្ដូង ឃុំ​អណ្ដូង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ជន​នេះ​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​ប្រើប្រាស់​ទេ មិនមែន​ជួញដូរ​ឡើយ ហើយ​ពេល​ត្រូវការ​ជក់​គឺ បាន​ទៅ​ទិញ​គ្រឿងញៀន​ពី​ម្ដុំ​មុខ​មន្ទីរពេទ្យ លោ​សង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដើម្បី​ជក់ និង​ទី​៤-​ឈ្មោះ ឈុ​ន សុផល អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កំពង់​ប្រាសាទ ឃុំ​សែ​ប ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ជាប ឌុ​ច និង​ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ ក៏​បាន​ប្រាប់​ថា​កាលពីមុន​ខ្លួន​ធ្លាប់​ជក់​គ្រឿងញៀន​ដែរ ប៉ុន្តែ​ពេល​នេះ​បាន​ឈប់​ហើយ​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជន​ទាំង​៤​នាក់​នោះ កម្លាំង​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់ គឺ​កញ្ចប់​តូច​មួយ និង​កញ្ចប់​ធំ​មួយ ដាវ​ចំនួន​៣​ដើម ញញួ​១ តួ​ណឺ​វី​ស​២​ដើម កន្ត្រៃ​៣ ដែកកេះ​ចំ​៧ ដង្កាប់​១ កាំភ្លើង​ជ័រ​១​ដើម ទូរស័ព្ទ​១០​គ្រឿង ប៉ុន្តែ​ប្រើ​ការ​កើត​បាន​តែ​២​គ្រឿង​ប៉ុណ្ណោះ ចំណែក​៨​គ្រឿង​ទៀត​ខូច​ប្រើ​ការ​មិនកើត រួម​ជាមួយ​សម្ភារ​ជា​ច្រើន​ទៀត​ផង​ដែរ​។ បន្ទាប់​មក​ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ ផ្នែក​ណ្រ​ហ្ម​ទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​ទៀត​៕