ថត​រូប​ខ្លួន​ឯង (Selfie) បង្ក​សោកនាកម្ម​មួយ​គ្រួសារ

សោកនាដកម្មមួយបានកើតឡើង ទៅលើជនជាតិប៉ាគីស្ថាន​មួយគ្រួសារ កាលពីថ្ងៃអង្គារនេះ ក្បែរក្រុង «Beesian»។​ កុមារី​ម្នាក់​បាន​លង់​ទឹកស្លាប់ បន្ទាប់ពីព្យាយាមចង់ថតរូបខ្លួនឯង (Selfie)។ ឪពុកម្ដាយ​របស់​កុមារី ក៏បាន​ស្លាប់​ដោយ​លង់​ទឹកដូចគ្នា ដោយសារពួកគេទាំងពីរ បានលោតចូលទៅក្នុងទឹកស្ទឹង ដែលកំពុងហូរខ្មួលខ្មាញ់ ដើម្បីសង្គ្រោះកូន។
ថត​រូប​ខ្លួន​ឯង (Selfie) បង្ក​សោកនាកម្ម​មួយ​គ្រួសារ

រូបជំនួស៖ សកម្មភាពថតរូបដោយខ្លួនឯង នៃយុវតី(អាស៊ីកណ្ដាល)មួយក្រុម។ (រូបថតលើហ្វេសប៊ុក)

កុមារីជាតិប៉ាគីស្ថាន អាយុ១១ឆ្នាំម្នាក់ បានស្លាប់ដោយលង់ទឹក នៅក្នុងស្ទឹង «Kunhar» ដែលមាន​ទឹក​ហូរ​ខ្មួលខ្មាញ់ នៃខេត្ត «Khyber Pakhtunkhwa» ក្បែរក្រុង «Beesian» បន្ទាប់ពីកុមារីរូបនោះ បាន​ព្យាយាម​ថត​រូប​ដោយ​ខ្លួនឯង (Selfie)។ ឪពុកម្ដាយរបស់កុមារ ក៏បានស្លាប់ដោយលង់ទឹកនោះដែរ ដោយសារ​ពួក​គេ​បាន​លោត​ចូល ទៅក្នុងស្ទឹងនោះ ដើម្បីចង់សង្គ្រោះកូនស្រី​របស់ខ្លួន។ នេះបើតាមការថ្លែងឲ្យដឹង ពីនគរបាល និង​រដ្ឋ​អំណាច​តំបន់ ដែលសម្បូរដោយទេសចរណ៍ ស្ថិតនៅចំងាយ២០០គីឡូម៉ែត្រ ភាគខាងជើង​នៃ​រដ្ឋធានី អ៊ីស្លាម៉ាបាដ។

នគរបាលមួយរូប លោក អារសាដ ខាន់ (Arshad Khan) បានលើកយកសំដី​សាក្សី​ជាច្រើន ដែលសុទ្ធសឹងជា​អ្នក​ទេសចរណ៍ នៅក្នុងហេតុការណ៍ មកថ្លែងអះអាងថា៖ «កុមារីបានព្យាយាមថតរូបខ្លួន នៅនឹងមាត់ស្ទឹង ហើយ​បាន​រអិល​ជើង ធ្លាក់ចូលទៅក្នុងស្ទឹង»។ លោក ខាន់ បានបន្តទៀតថា នៅពេលឃើញដូច្នេះ ម្ដាយ​ក៏​លោត​ចូល​ទៅ​ក្នុង​ទឹកស្ទឹង ដើម្បីជួយសង្គ្រោះកូនស្រីខ្លួន ប៉ុន្តែស្ត្រីជាម្ដាយនេះ ត្រូវបានចរន្តទឹកដែល​មាន​កម្លាំង​ដ៏ខ្លាំង គួចយកទៅដូចកូនស្រីខ្លួនដែរ។

ភ្នាក់ងារនគរបាល បានបញ្ជាក់ថា៖ «ទ្រាំឈរមើលកូនស្រី និងប្រពន្ធលង់ទឹកមិនបាន បុរសជាឪពុក​ក៏បាន​លោត​ជាបន្ត ចូលទៅក្នុងទឹកស្ទឹង ប៉ុន្តែបុរសរូបនេះ មានវាសនា​មិនខុស​ពី​គ្រួសារ​គាត់ទេ»។

ថត​រូប​ខ្លួន​ឯង (Selfie) បង្ក​សោកនាកម្ម​មួយ​គ្រួសារ

សាកសពរបស់កូនស្រី និងម្ដាយ ត្រូវបានរកឃើញ និងស្រង់ចេញពីទឹក នៅត្រង់ចំណុចមួយ ឆ្ងាយពី​កន្លែង​កើត​ហេតុ។ ប៉ុន្តែគេនៅមិនទាន់រកឃើញ សាកសពឪពុកនៅឡើយ។ ឪពុកម្ដាយ គឺជាគ្រូពេទ្យទាំងពីរនាក់ នៅ​ក្នុង​ក្រុង «Pendjab» ហើយបានមកកាន់ទីនេះ ដើម្បីកំសាន្ដវិសមកាល។ អ្នកទាំងពីរមានកូនពីរនាក់ទៀត ស្រីម្នាក់អាយុ៩ឆ្នាំ និងប្រុសម្នាក់ទៀត អាយុ៦ឆ្នាំ ដែលសុទ្ធតែជាសាក្សី ឃើញឪពុកម្ដាយ និងបងស្រី​របស់​​ពួក​គេ​លង់ទឹក ដោយផ្ទាល់ភ្នែក។

លោក ខាន់ បានបន្តថា៖ «កូនប្រុសស្រីទាំងពីរនាក់ ដែលនៅរស់ កំពុងស្ថិតក្រោមការបីបាច់ ពីសំណាក់​រដ្ឋ​អំណាច​តំបន់ ដើម្បីរង់ចាំញាតិមិត្ត មកទទួលពួកគេទាំងពីរយកទៅ»។

អ្នកទទួលខុសត្រូវផ្ទាល់កន្លែងមួយរូប បានពន្យល់ថា អាជ្ញាធរបានដាក់ផ្លាកសញ្ញាមួយ ហាមដើរទៅជិតស្ទឹង ដែលតែងតែមានមនុស្សស្លាប់ ដោយរអិលជើងធ្លាក់ និងលង់ទឹក ជារៀងរាល់ឆ្នាំ។ អ្នកទទួលខុសត្រូវរូបនោះ បានបញ្ជាក់ទៀតថា អ្នកដែលស្លាប់ច្រើនជាទេសចរណ៍ មកពីតំបន់ផ្សេង ឬមកពីបរទេស ដែលមិនដឹងថា ស្ទឹង​នេះ​មាន​ជម្រៅជ្រៅយ៉ាងណា។ ការកើនឡើង នៃការប្រើប្រាស់ទូរស័ព្ទដៃទំនើប ក៏បានធ្វើឲ្យ​​ចំនួនមនុស្សស្លាប់ ដោយ​សារ​ចង់​ថតរូប​​ដោយខ្លួនឯង មានចំនួនកើនឡើងដូចគ្នា៕