វីដេអូ​បង្ហាញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ ប៊ូអីង ផ្ទុះ​ឆេះ​នៅ​តូត្យូ

យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «All Nippon Airways (ANA)» របស់ប្រទេសជប៉ុន បាន​រង​គ្រោះ ព្រោះ​ម៉ាស៊ីន​ប្រតិកម្ម​មួយ​ចំហៀង​របស់​យន្ដហោះ បានផ្ទុះឆេះឡើង ខណៈពេលយន្ដហោះ​ហៀបនឹង​ហោះ ហើប​ជើង​ពីដី។ ជើងហោះហើរ កាលពីថ្ងៃអាទិត្យកន្លងមក ដែលភ្ជាប់រាជធានី តូត្យូ ប្រទេសជប៉ុន មក​កាន់​ក្រុង សៀងហៃ ប្រទេសចិន ដោយ​ប្រើ​ពេល មិនដល់​មួយ​ម៉ោង​ផង​នោះ បែរជាត្រូវយឺត​រហូតដល់​ជាង​៣ម៉ោង។
វីដេអូ​បង្ហាញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ ប៊ូអីង ផ្ទុះ​ឆេះ​នៅ​តូត្យូ

ម៉ាស៊ីនប្រតិកម្ម ផ្នែកខាងឆ្វេង នៃយន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ «ANA» បានផ្ទុះឆេះជាអណ្ដាតភ្លើងឡើង។ (រូបថតលើទ្វីសធើរ)

ម៉ាស៊ីនប្រតិកម្ម ប្រភេទ «Rolls Royce Trent 1000» ផ្នែកខាងឆ្វេង នៃយន្ដហោះប៊ូអ៊ីង (Boeing 787-8 Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ឈ្មោះ «All Nippon Airways (ANA)» បានផ្ទុះ​ឆេះ​ជា​អណ្ដាត​ភ្លើង​ឡើង កាលពីរសៀលថ្ងៃអាទិត្យមកនេះ បង្កភាពយឺតយ៉ាវជាង៣ម៉ោង ដល់ជើង​ហោះ​ហើរ ដែល​ត្រូវ​ភ្ជាប់​រាជធានី តូត្យូ ប្រទេសជប៉ុន មកកាន់ក្រុង សៀងហៃ ប្រទេសចិន និងដែលត្រូវ​ប្រើ​រយៈ​ពេល មិន​ដល់​មួយ​ម៉ោង​ផង។

នៅវេលាម៉ោង ប្រមាណជា ១៤ និង២៥នាទី ម៉ោងក្នុងស្រុក បន្ទាប់ពីបានរត់ នៅលើផ្លូវព្រលាន សម្រាប់​ការ​ហោះ​ឡើង បានប្រមាណជា២០០ម៉ែត្រ យន្ដហោះបានរោទ៍ម៉ាស៊ីនឡើង ដើម្បីត្រៀមខ្លួនហោះងើបខ្លួន ពី​ព្រលាន។ តែរំពេចនោះ ម់ាស៊ីនប្រតិកម្ម បានផ្ទុះឆេះ​ជាអណ្ដាតភ្លើង ជាមួយនឹងសម្លេង​ដ៏ខ្លាំងមួយ។ វីដេអូ​នៃ​ការ​ផ្ទុះម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះប៊ូអីងខាងលើ ទើបនឹងត្រូវបានទម្លាយ មកផ្សព្វផ្សាយ​ជាសាធារណៈ កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញនេះ។

មិនត្រឹមតែអ្នកដំណើរ នៅលើយន្ដហោះ ដែលមានចំនួន២៤០នាក់ ប៉ុណ្ណោះទេ ដែលទទួលការយឺតយ៉ាវ តែ​យន្ដហោះ ដែលមានអត្តសញ្ញាណ «JA840A msn 34518/322» និងដែលត្រូវភ្ជាប់ជើងហោះហើរលេខ «NH959» ខាងលើ បានបង្កការរំខាន ដល់ជើងហោះហើរផ្សេងទៀត ដោយសារព្រលាន​យន្ដហោះ​អន្តរជាតិ «Narita» នៃរាជធានីតូត្យូ បាន«បិត»ផ្លូវព្រលាន សម្រាប់ហោះចេញមួយនេះ ដល់ទៅរយៈពេល​ជាង​មួយ​ម៉ោង និង​ម្ភៃនាទី។

អ្នកដំណើរទាំង២៤០នាក់ រួមនឹងបុគ្គលិកបម្រើការផ្សេងទៀត ដែលគ្មាននរណាម្នាក់រងរបួសនោះ ត្រូវ​បាន​អញ្ជើញ ឲ្យឡើងយន្ដហោះប៊ូអីង ប្រភេទដដែលមួយទៀត ដើម្បីហោះមកកាន់ទិសដៅ ដោយសុវត្ថិភាព៕