មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ស្ថានភាព​ក្នុង​ពន្ធនាគារ​ព្រៃ​ស​មាន​សភាព​ប្រសើរ​ជាង​មុន

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី អះអាង​ថា ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន បន្ទាប់​ពី​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ពិនិត្យ​ដោះស្រាយ​នា​ពេល​កន្លង​មក។ ការ​អះអាង​នេះ បន្ទាប់​ពី​លោក​បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​នយោបាយ​ចំនួន ៣​រូប រួម​មាន លោក អ៊ុំ សំអាន លោក ហុង សុខហួរ និង​លោក​មេ​ឃុំ ស៊ាង ចែត នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា។

អំពើ​ហិង្សា និង​បញ្ហា​ដាក់​ឃុំ​លាយឡំ​គ្នា​រវាង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ឆក់​ប្លន់ លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ នេះ​បើ​តាម​ប្រសាសន៍​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី៖ «ឃើញ​ថា​នៅ​ក្នុង​ពន្ធនាគារ​មាន​ការ​រៀបចំ​កែប្រែ​បាន​ច្រើន​ចំណុច។ ទី​មួយ បាន​យក​អ្នក​ទោស​បទល្មើស​គ្រឿង​ញៀន ទៅ​ដាក់​មួយ​អន្លើ អ្នក​ទោស​ដែល​មាន​បទល្មើស​ឧក្រិដ្ឋ ទៅ​ដាក់​មួយ​អន្លើ ហើយ​មាន​អ្នក​ទោស​ស្រាល​ទៅ​ដាក់​មួយ​អន្លើ​ដែរ។ អ្នក​ទោស​នយោបាយ ក៏​មាន​ការ​គាំពារ​ថែ​រក្សា​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ក្រោយ​ពី​យើង​បាន​ជជែក​គ្នា ហើយ​រឿង​អីៗ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី។ គ្នា​យើង​ក៏​បាន​ប្រាប់​ថា មាន​ចំណុច​ល្អ​ជាច្រើន​ក្រោយ​ពី​យើ​បាន​ពិនិត្យ និង​ចេញ​ចូល»

ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដូចជា ស្នើ​ឲ្យ​ដាក់​បន្ទប់​ដោយឡែក​រវាង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ឆក់​ប្លន់ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ការ​ជក់​បារី​អនាធិបតេយ្យ​ក្នុង​បន្ទប់​ឃុំ​ឃាំង និង​មាន​អ្នក​ទោស​វៀតណាម មួយ​ក្រុម​វាយ​ធ្វើ​បាប​អ្នក​ទោស​នយោបាយ​រហូត​ដល់​សន្លប់​ពីរ​ដង ទម្រាំ​ទទួល​បាន​ការ​អន្តរាគមន៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ក៏​មាន​ព័ត៌មាន​ពី​ខាង​ក្នុង​ពន្ធនាគារ ថា​មាន​ករណី​អ្នក​ទោស​ដូច​គ្នា​ព្រួត​វាយ​លើ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​នាម ដាវ ទេព្យ រហូត​ដល់​សន្លប់​ដែរ។

លោក ឡុង រី ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស បាន​សន្យា​ចំពោះ​មុខ​លោក​ថា នឹង​មិន​បណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា ឬ​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ទៀត​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សាទរ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទាំងអស់ ដែល​បាន​ខិតខំ​កែលំអ និង​អភិវឌ្ឍ​តាម​បណ្ដា​ពន្ធនាគារ។ ទោះ​បី​ជា​យ៉ាង​ណា លោក អំ សំអាត មើល​ឃើញ​ថា បញ្ហា​អប់រំ​កែប្រែ​នៅ​ក្នុង​ពន្ធនាគារ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត៖ «ឥឡូវ​នេះ​វា​គ្រាន់​តែ​ជា​កន្លែង​ផ្ទុក​មនុស្ស​ទេ មិន​ទាន់​ជា​កន្លែង​មណ្ឌល​អប់រំ​កែប្រែ​ឡើយ។ ហើយ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក៏​មាន​គម្រោង​ផែនការ​ទៅ​ថ្ងៃ​ក្រោយ ដើម្បី​ឲ្យ​ពន្ធនាគារ​ក្លាយ​ជា​មណ្ឌល​អប់រំ​កែប្រែ។ នៅ​ប្រទេស​គេ ដូចជា​វៀតណាម គេ​មាន​បណ្តុះបណ្តាល​កសិកម្ម គេ​មាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ចេញ​ទៅ​វិញ​គេ​កែប្រែ ហើយ​គេ​ឈប់​ប្រព្រឹត្ត​បទល្មើស ហើយ​គេ​ប្រកប​មុខ​របរ​អី​ត្រឹមត្រូវ តែ​នៅ​កម្ពុជា យើង គឺ​អត់​ទាន់​ឈាន​ដល់​កម្រិត​ហ្នឹង​ទេ»

បញ្ហា​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ​នេះ ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ឥត​ដាច់​ដែរ ជាពិសេស​នៅ​ពេល​លើក​លែង​ទោស​ម្តងៗ។ កន្លង​ទៅ មាន​ទណ្ឌិត និង​ពិរុទ្ធជន​រអ៊ូរទាំ​ថា ពួក​គាត់​មាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​ទោស​ដូច​គេ​ដែរ ប៉ុន្តែ​ពួក​គាត់​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី ដោយសារ​គ្មាន​លុយ​កាក់​សម្រាប់​សូកប៉ាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។