ស្ត្រី​ម្នាក់​ពពោះ​រយៈពេល ១៧ ខែ​ហើយប៉ុន្តែ​គ្រូពេទ្យ​និយាយថា «​គ្មាន​បញ្ហា​»

នារីជនជាតិចិនម្នាក់ឈ្មោះ Wang Shi មកពីទីក្រុង Tianping បាននិយាយឲ្យដឹងថា នាងកំពុងពពោះកូនរបស់នាងរយៈពេល ១៧ មកហើយប៉ុន្តែសព្វថ្ងៃកូននេះនៅមិនទាន់សម្រាលនៅឡើយទេ ។

 

នាង Wang Shi បាននិយាយឲ្យដឹងទៀតថា សព្វថ្ងៃនាងកំពុងព្រួយបារម្ភខ្លះៗជាមួយកូននៅក្នុងផ្ទៃ ក៏ដូចជាសវត្ថិភាពរបស់នាងផ្ទាល់ ។ កាលនាងពពោះបានអាយុ ១៤ ខែ នាងធ្លាប់បានទៅជួបគ្រូពេទ្យ និង បានឲ្យគ្រូពេទ្យបង្កើតដោយវិធីវះកាត់ ប៉ុន្តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យបានបដិសេដ្ឋដោយបាននិយាយថា មិនអាចធ្វើបានព្រោះកូនមិនទាន់ពេញលក្ខណៈ ។ ដោយសារតែមានការព្រួយបារម្ភចំពោះសុវត្ថិភាព នាង Wang Shi និយាយថា ខ្លួនបានទៅពិភាក្សាជាមួយគ្រូពេទ្យចំនួន ៣០ ដង និងចំណាយលុយអស់ប្រហែល ១.៥០០ ដុល្លារហើយ ប៉ុន្តែគ្រូពេទ្យបានធានាថា កូននេះមិនមានភាពប្រក្រតីអ្វីឡើយ ដូចនេះគ្មានអ្វីចោទជាបញ្ហាទេ ។

គួររំឭកដែរថា កន្លងមកមាននារីជនជាតិអាមេរិកម្នាក់ឈ្មោះ Beulah Hunter បានចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក « Guinness World Record» ជាស្រី្តដែលពពោះយូរជាងគេបំផុតលើលោក ដោយមានរយៈពេល ៣៧៥ ថ្ងៃ ប៉ុន្តែសម្រាប់នាង Wang Shi នៅមិនទាន់បានចុះឈ្មោះក្នុងបញ្ជីកំណត់ត្រានេះនៅឡើយទេ ដោយគិតមកដល់សព្វថ្ងៃនេះនាងពពោះរយៈពេល ៥១៧ ថ្ងៃហើយ ៕

ប្រភព. Shanghaiist សម្រួលអត្ថបទ. យុទ្ធ