សហភាព​អឺរ៉ុប​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​ដាក់​ជា​ផ្លូវ​ការ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​២០១៦ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ សីហា។ មន្ត្រី​សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​បរិបទ​នយោបាយ ក្នុង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​សកម្មភាព​មួយ​ចំនួន ដែល​អាជ្ញាធរ​បាន​អនុវត្ត​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ..ប ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ថ្លែង​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ការ​ជឿ​ទុក​ចិត្ត​បាន តម្រូវ​ឲ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងអស់​ចូលរួម​បាន​ពេញលេញ។ លោក​ថា សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​កម្ពុជា នឹង​ធានា​ឲ្យ​បាន​នូវ​ការ​បង្កើត​បរិយាកាស​នោះ«សហភាព​អឺរ៉ុប ធ្លាប់​បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់ បាន​អនុវត្ត​មក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង តំណាង​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ..ប។ អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល អាច​ធ្វើ​ការរបស់​ខ្លួន​បាន​ដោយ​គ្មាន​ការ​រាំង​ស្ទះ»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្រធាន គ..ប លោក ស៊ិក ប៊ុនហុក មាន​ប្រសាសន៍​ថា ករណី​អគ្គលេខាធិការ​រង គ..ប ដែល​កំពុង​ជាប់​ឃុំ​នោះ មិន​មែន​ជា​សមត្ថកិច្ច​របស់ គ..ប នោះ​ទេ។ លោក​ថា លោក នី ចរិយា មិន​បាន​ធ្វើ​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​ការ​បោះឆ្នោត​ឡើយ ប៉ុន្តែ​បាន​ធ្វើ​សកម្មភាព​សង្គម​ស៊ីវិល ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ គឺ​ជា​កំហុស​ដែល​លោក នី ចរិយា បាន​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន ដែល​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់ ដូច្នេះ​ស្រេច​តែ​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ។

លោក ស៊ិក ប៊ុនហុក ថ្លែង​ថា «ច្បាប់​ហាម​ច្បាស់លាស់​ណាស់ ហើយ​ក្នុង​ការ​អនុវត្ត​ទៀត​ទៅ​មើល​ក្រឹត្យ​ដែល​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​មន្ត្រី គ..ប នៅ​ពេល​ណា​ដែល​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ បើ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ការ​បោះឆ្នោត គឺ គ..ប ត្រូវ​តែ​មាន​អន្តរាគមន៍​ជួយ​ផ្លូវ​ច្បាប់​ដល់​មន្ត្រី​ដែល​ធ្វើ​នៅ​ក្នុង​ការ​បោះឆ្នោត និង​ការ​ខុស​ឆ្គង។ ក្រៅ​ក្របខ័ណ្ឌ​ការ​បោះឆ្នោត​សុទ្ធសាធ ឲ្យ​ខ្ញុំ​ទៅ​បំពាន? ចង់​ឲ្យ​ខ្ញុំ​ទៅ​បំពាន ឲ្យ​ខ្ញុំ​ខុស​ច្បាប់ ឬ​យ៉ាង​ម៉េច? មិន​អាច​ដឹកនាំ​មិន​ដឹង​ខ្យល់​អ៊ីចឹង​បាន​ទេ»

ការ​ថ្លែង​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ជា​ផ្លូវ​ការ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​២០១៦ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ សីហា។

កន្លង​ទៅ សហគមន៍​អន្តរជាតិ​ជាច្រើន​តែង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​កើត​ចេញ​ពី​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លើស​ពី​នេះ សហគមន៍​អន្តរជាតិ ក៏​មាន​ការ​ស្នើ​ឲ្យ​បក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា ឲ្យ​ងាក​មក​ចរចា​ដើម្បី​សម្រាល​ស្ថានការណ៍​ឡើង​វិញ។

សហភាព​អឺរ៉ុប បាន​អះអាង​ថា ដើម្បី​ធានា​ដល់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា សហភាព​អឺរ៉ុប បាន​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ១០​លាន​អឺរ៉ូ ឬ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ដើម្បី​ទ្រទ្រង់​ក្នុង​ដំណើរ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។