បញ្ជូន​ក្រុម​ញៀន​ថ្នាំ​១៦​នាក់ និង​វត្ថុ​តាង​​ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដឹកនាំ​ដោយ​លោក ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។

បានឱ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ធា​វ ច័ន្ទ​ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ប្រុស ស្រី​ចំនួន ១៦​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។ ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​បន្ទប់​ជួល និង​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​រួច​មក កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ធា​វ ច័ន្ទ​ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ប្រុស ស្រី បន្តបន្ទាប់​ចំនួន​១៦​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស ស្រី ចំនួន​១៦​នាក់ ក្នុង​នោះ​មាន ( ប្រុស​១៤​នាក់ ស្រី​២​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​គ្រើម (​ម៉ា​ទឹកកក​)​ចំនួន​១៩​កញ្ចប់ ស្មើ​ទម្ងន់ ៦៩,៤៧​ក្រាម  WY​ស្មើ​១​គ្រាប់ ជញ្ជីង​ថ្លឹង​១​គ្រឿង ទូរ​សព្ទ័​១១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ទាំង​១៦​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕