អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦០​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ស្ត្រី​បឹងកក់​២​នាក់​ជា​បន្ទាន់

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦០ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​របស់​អ្នក​ទាំង​ពីរ​ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋ ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ​លើ​អ្នក​ទាំង​ពីរ ហើយ​សូម​ឲ្យ​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា ដូចជា​អ្នក​ដែល​គាំទ្រ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

អ្នក​ទាំង​ពីរ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​កែប្រែ​ទី​២ នៃ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​របស់​អ្នក​ទាំង​ពីរ​ក្នុង​យុទ្ធនាការ​អហិង្សា «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»។ បន្ទាប់​ពី​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ចូល​ទៅ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ អំឡុង​ពេល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​អហិង្សា​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​ប្រារព្ធ​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី​១៥ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។