ការ​កាត់​ខ្សែកាប​លើ​អាកាស​ទម្លាក់​ចូល​ក្រោម​ដី នឹង​បញ្ចប់​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៧ និពន្ធដោយ : ថ្មីៗ       August-18-2016, 9:39 pm         406

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការ​កាត់​ខ្សែកាប​លើ​អាកាស​ទម្លាក់​ចូល​ក្រោម​ដី នឹង​បញ្ចប់​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៧​ការ​កាត់​ទម្លាក់​ខ្សែកាប​ពីលើ​អាកា​សមក​ចូល​បំពង់​បណ្តាញ​ក្រោម​ដី នៅលើ​បណ្តា​មហាវិថី​ធំៗ​ទាំង​៦ នឹង​បញ្ចប់​នៅ​ដំណាច់​ខែមករា ឆ្នាំ​២០១៧ ខាងមុខ​។ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ដើម្បី​ពង្រឹង​សុវត្ថិភាព​បណ្តាញ​ខ្សែកាប និង​លើកកម្ពស់​សោភណភាព​ក្រុងភ្នំពេញ​។

​ដើម្បី​ពង្រឹង​សុវត្ថិភាព​បណ្តាញ​ខ្សែកាប និង​ដើម្បី​លើកកម្ពស់​សោភណភាព​រាជធានី ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ដែល​ត្រូវ​កាត់​ទម្លាក់​ជា​ជំ​ហ៊ានៗ ដោយ​តម្រូវ​ឲ្យ​អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ដែលមាន​បណ្តាញ​ខ្សែកាប លើ​អាកាស​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម អគ្គិសនី​កម្ពុជា ក្រុមហ៊ុន​CFCON ក្រុមហ៊ុន​PPCTV និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចុះ​កាត់​ទម្លាក់​ខ្សែកាប​ពីលើ​អាកាស​មក​ចូល​បំពង់​បណ្តាញ​ក្រោម​ដី ។​

​ការ​កាត់​ទម្លាក់​ខ្សែកាប​នេះ​ត្រូវ​អនុវត្តន៍​ទៅ​នៅ​បណ្តា​មហា​វិធី​ធំៗ​ចំនួន​៦ គឺ​មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​ម៉ៅ​សេទុង មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ​។​
ការ​កាត់​ខ្សែកាប​លើ​អាកាស​ទម្លាក់​ចូល​ក្រោម​ដី នឹង​បញ្ចប់​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៧ និពន្ធដោយ : ថ្មីៗ       August-18-2016,  9:39 pm         406

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ សីហា​ដល់​ថ្ងៃទី​៣១ ខែសីហា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី នឹងធ្វើ​ការ​កាត់​ទម្លាក់​ខ្សែកាប​នៅ​មហា​វិធី​ព្រះ​នរោត្តម ចាប់ពី​ចំណុច​វត្តភ្នំ ឆ្ពោះទៅ​ស្ពាន​ព្រះមុនីវង្ស​។ ពីថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៣០​ខែកញ្ញា នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់ពី​ចំណុច​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​រង្វង់​មូល​ចោមចៅ​។ ចាប់ពី​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃទី​៣១ ខែតុលា នៅលើ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ រហូតដល់​ស្ពាន​មុនី​វង្ស​។   ពីថ្ងៃ​ទី​១ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅលើ​មហាវិថី​ម៉ៅ​សេទុង ចាប់ពី​ចំណុច​មហាវិថី​ព្រះ​នរោត្តម ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី​។ ពីថ្ងៃ​ទី​១ ខែធ្នូ ដល់​ថ្ងៃទី​៣១ ខែធ្នូ នៅលើ​មហាវិថី​កម្ពុជា​ក្រោម ចាប់ពី​ស្ពាន​អាកាស​៧​មករា តម្រង់​ទិសដៅ​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម និង​ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ នៅលើ​មហាវិថី​ព្រះសីហនុ ចាប់ពី​ចំណុច​មហាវិថី​សម្តេច​សុធារស ឆ្ពោះទៅ​រង្វង់​មូល​អាងទឹក​អូឡាំពិក​។​

​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរ​ក្នុង​តំបន់​ការដ្ឋាន រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ឬ​ម្ចាស់​អាជីវកម្ម អង្គភាព​រដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែលមាន​បណ្តាញ​ខ្សែកាប ឬ​កំពុង​ប្រើប្រាស់​ចិញ្ចើមផ្លូវ​តាម​បណ្តា​មហាវិថី​ខាងលើ  ត្រូវ​រួសរាន់​រុះរើ​ចេញ និង​ត្រូវ​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុមការងារ  ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​នេះ ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​៕