លោកស្រី​មឺ​ហ្កែ​ល​៖ ជនភៀសខ្លួន​មិនបាន​នាំ​ភេរវកម្ម​ចូល​អាល្លឺម៉ង់​ឡើយ​ និពន្ធដោយ : ថ្មីៗ       August-18-2016, 9:59 pm         128

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី​មឺ​ហ្កែ​ល​៖ ជនភៀសខ្លួន​មិនបាន​នាំ​ភេរវកម្ម​ចូល​អាល្លឺម៉ង់​ឡើយ​​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល (Angela Merkel) បាន​អះអាង​យ៉ាងច្បាស់​ថា ជនភៀសខ្លួន​ដែល​ចូលមក​អាល្លឺម៉ង់​មិនបាន​នាំ​ភេរវកម្ម​មកជា​មួយ​ឡើយ​។ លោកស្រី​បន្ត​ពន្យល់ថា ភេរវជន​ជ្រុលនិយម​មាន​វត្ត​មាននៅ​អាល្លឺម៉ង់​យូរ​មកហើយ ពោលគឺ​មុនពេល​ដែល​បញ្ហា​ជនភៀសខ្លួន​កាន់តែ​ធ្ងន់ធ្ងរ​ម្ល៉េះ​។​

​នាទី​ថ្ងៃ​ពុធ​ទី ១៧​សីហា ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្នាក់​តំបន់​មួយ លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល បាន​អះអាងថា ជនភៀសខ្លួន​មិនបាន​នាំ​ក្រុម​ភេរ​វក​មកកាន់​ប្រទេស​អាល្លឺម៉ង់​ឡើយ​។​នេះ​ក៏ដោយ​សារ ក្រុម​ភេរវជន​ជ្រុលនិយម​មាន​វត្ត​មាននៅ​ក្នុងប្រទេស​អាល្លឺម៉ង់​តាំងពី​មុនពេល​វិបត្តិ​ជនភៀសខ្លួន​កើតឡើង​ម្ល៉េះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuter លោកស្រី​បាន​ថ្លែងថា​៖«​បញ្ហា​ភេរវជន​រដ្ឋ​ឥស្លាម​មិនមែនជា​បញ្ហា​ដែល​មកជា​មួយ​ជនភៀសខ្លួន​ឡើយ​។ យើង​មាន​បញ្ហា​នេះ​យូរហើយ​។​ហើយ​វា​ជា​បញ្ហា​ដែល​យើង​ធ្លាប់​រងគ្រោះ​កាលពី​អតីតកាល​»​។​

​ដោយឡែក លោកស្រី មឺ​ហ្កែ​ល បាន​សង្កត់ធ្ងន់​ផងដែរ​ថា រឿង​ភេរវកម្ម និង​បញ្ហា​ជនភៀសខ្លួន ជា​រឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា​។ ហើយ​លោកស្រី​បាន​បន្តទៀតថា ជនភៀសខ្លួន​ដែលជា​អ្នក​កាន់​ឥស្លាម​នៅតែ​អាចអនុវត្ត​និង​គោរព​ប្រតិបត្តិ​បាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដូច​អ្នក​កាន់សាសនា​ដទៃ​ដរាបណា​វា​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​។

«​យើង​បាន​និយាយ​ច្បាស់​ហើយ​ថា អ្នក​កាន់សាសនា​ឥស្លាម​អាចធ្វើ​ការងារ​និង​រស់នៅ​នៅ​អាល្លឺម៉ង់​ក្រោម​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​អាល្លឺម៉ង់​»​។​នេះ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី មឺ​ហ្កែ​ល​។​

​តាមពិតទៅ ការផ្តល់​អំណះអំណាង​ពាក់ព័ន្ធ​វត្តមាន​ចលនា​ភេរវជន​រដ្ឋ​ឥស្លាម​នេះ កើតឡើង​ក្រោយពេល​ដែលមាន​ចលនា​ភេរវកម្ម​កើត​ឡើងជា​បន្តបន្ទាប់​នៅ​អាល្លឺម៉ង់ និង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​អាល្លឺម៉ង់​ផង​។ ការវាយប្រហារ​ភេរវកម្ម​នេះ​បាន​ជំរុញ​ឲ្យ​គណបក្សនយោបាយ​អាល្លឺម៉ង់​មួយចំនួន ស្នើ​ឲ្យ​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឬ​ឈប់​ទទួលយក​ជនភៀសខ្លួន​ផង​។​

​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល លោកស្រី មឺ​ហ្កែ​ល ក៏បាន​លើកឡើង​ពី​វិធាន​ការដែល​រដ្ឋាភិបាល​លោកស្រី ដាក់ចេញ​ដើម្បី​ប្រឆាំង​ចលនា​ភេរវកម្ម​និង​ការពារ​សន្តិសុខ​ប្រជាជន​ដែរ​។ ដោយសារ​មានការ​បារម្ភ​ថា មនោគមន៍វិជ្ជា​ជ្រុលនិយម​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ពាសពេញ​អាល្លឺម៉ង់​នោះ លោកស្រី ក៏បាន​ឆ្លើយតប​វិញ​ថា រាល់​ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​សកម្មភាព​ជ្រុលនិយម​សុ​ទ្ធ​តែ​ស្ថិតក្រោម​ការតាមដាន​យ៉ាង​តឹងតែង​និង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​អាជ្ញាធរ​។ លោកស្រី​ក៏​បន្ថែមទៀតថា រដ្ឋាភិបាល​ក៏​ចាប់ផ្តើម​បើកមុខ​ជំនាញ​ពាក់ព័ន្ធ​តួនាទី​សាសនា​ឥស្លាម​ជាដើម​នៅ​សកល​វិទ្យាល័យ​នានា​នៅ​អាល្លឺម៉ង់​។ ហើយ​ទាក់ទង​ការពង្រឹង​សន្តិសុខ​វិញ រដ្ឋាភិបាល​លោកស្រី អាច​នឹង​បន្ថែមចំនួន​មន្ត្រីប៉ូលិស​ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណ​ផងដែរ​៕